កងទ័ពឥណ្ឌូណេស៊ីបានប្រកាសថា យុទ្ធជនបំបែកខ្លួនប៉ាពួចំនួន១៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការមួយ ដើម្បីរំដោះភូមិ Soanggama ដែលត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួន។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី16 តុលា។
លោក Iwan Dwi Prihartono មន្ត្រីយោធាតំបន់ បាននិយាយថា កងទ័ពបានចល័តទៅកាន់ភូមិ Soanggama កាលពីយប់ថ្ងៃអង្គារ ហើយបានជួបការបាញ់ប្រហារពីក្រុមប្រហែល ៣០ នាក់កាលពីព្រឹកថ្ងៃពុធ។ ការប្រយុទ្ធបានបន្តរហូតដល់ពាក់កណ្តាលថ្ងៃ មុនពេលទាហានអះអាងថាបានយកឈ្នះលើតំបន់នោះវិញ។
ដោយបានសម្លាប់យុទ្ធជនបំបែកខ្លួនចំនួន ១៤ នាក់ ហើយអ្នកផ្សេងទៀតបានរត់គេចចេញទៅក្នុងព្រៃ ដោយទុកអាវុធ និងឧបករណ៍ចោល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការប្រតិបត្តិនេះមាន គោលបំណងស្តារសុវត្ថិភាព និងការគ្រប់គ្រងរដ្ឋបាលនៅក្នុង តំបន់ដែលត្រូវបានក្រុមបំបែកខ្លួនចាប់កាន់អំណាច។
ទោះយ៉ាងណា លោក Sebby Sambom អ្នកនាំពាក្យរបស់ ក្រុមបំបែកខ្លួន Papua សេរីបានប្រកាសថា កងទ័ព ឥណ្ឌូណេស៊ីបានសម្លាប់មនុស្សសរុប ១៥ នាក់ រួមទាំង ជនស៊ីវិល ១២ នាក់ និងសមាជិកក្រុម ៣ នាក់, ហើយបានហៅសកម្មភាពនេះថាការសម្លាប់ខុសច្បាប់៕