មេដឹកនាំរដ្ឋប្រហារយោធាម៉ាដាហ្គាស្ការ លោក វរសេនីយ៍ឯក Michael Randrianirina បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានឆន្ទៈបើកចំហសម្រាប់ការសន្ទនាជាមួយសហភាពអាហ្វ្រិក បន្ទាប់ពីអង្គការនេះបានព្យួរសមាជិកភាពរបស់ប្រទេសនេះ។
ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃទី១៧ខែតុលា។
សហភាពអាហ្វ្រិក បានប្រកាសព្យួរសមាជិកភាពរបស់ម៉ាដាហ្គាស្ការមួយថ្ងៃមុនបន្ទាប់ពីប្រធានាធិបតី Andry Rajoelina ត្រូវបានបណ្តេញចេញពីតំណែងក្នុងចលនារដ្ឋប្រហារដែលដឹកនាំដោយយោធា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Antananarivo, លោក Randrianirina បាននិយាយថាលោកនឹង ស្បថ ចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃសុក្រនេះ ក្នុងពិធីមួយ ដែលនឹងប្រព្រឹត្តទៅដោយតុលាការធម្មនុញ្ញជាន់ខ្ពស់។
ទោះជាយ៉ាងណា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានថ្កោលទោសចំពោះអ្វីដែលគាត់ ហៅថាការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ។
មុនព្រឹត្តិការណ៍នេះ ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ Andry Rajoelina បានត្រូវសភាចោទប្រកាន់ បន្ទាប់ពីគាត់ភៀសខ្លួនចេញពីប្រទេស ដោយអះអាងថាខ្លួនខ្លាចការធ្វើឃាត។ ការបះបោរដែលនាំឲ្យមានការផ្លាស់ប្តូរអំណាចនេះ បានកើតឡើងបន្ទាប់ពីសប្តាហ៍ជាច្រើននៃការតវ៉ាដឹកនាំដោយយុវជន និងកងទ័ព ដែលទាមទារឲ្យគាត់លាលែងពីតំណែង។
លោក Rajoelina បានថ្កោលទោសចំពោះការចូលកាន់អំណាចរបស់ Randrianirina ហៅវា ថា ជាការលួចយកប្រទេសដោយកម្លាំង ខណៈដែលកងទ័ពបាននិយាយថា ការរដ្ឋប្រហារនេះគឺជាចលនាដើម្បីស្តារឡើងវិញនូវសន្តិភាព និងសេចក្តីយុត្តិធម៌សម្រាប់ប្រជាជន៕