(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាប គោយន្តកន្ត្រៃ២គ្រឿងដឹកឈើខុសច្បាប់ ចេញពីព្រៃឡង់ដែលជាតំបន់ហាមឃាត់។
ការបង្ក្រាបគោយន្តកន្ត្រៃ២គ្រឿងនោះ ធ្វើឡើងនៅម្តុំអូរស្ទឹងឆ្លាំង ភូមិត្រាំដុម ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមករា។
អ្នកនៅជិតទីនោះបានឱ្យដឹងថា កន្លងមកក្រុមឈ្មួញតែងតែលួច ដឹកជញ្ជូនឈើចេញពីព្រៃឡង់ ឆ្លងកាត់តំបន់អង្ក្រងសាប ឆ្ពោះទៅស្រុកព្រែកប្រសព្វ និងបន្តទៅខេត្តផ្សេងទៀត។
ក្នុងនោះមិនដែលឃើញកម្លាំងសមត្ថកិច្ចខាងណាមកបង្ក្រាបទេ។
ប៉ុន្តែពេលនេះកម្លាំងអាវុធហត្ថខេត្តក្រចេះចាប់បានតែគោយន្តនិងឈើប៉ុណ្ណោះ។
រីឯអ្នកប្រព្រឹត្តបទល្មើស បានរត់គេចខ្លួនបាត់អស់។
តែទោះជាយ៉ាងណាកម្លាំង សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើ។
ប្រភពដដែលបានបន្តថា កន្លងមកជំនាញពាក់ព័ន្ធ ហាក់យឺតយ៉ាវក្នុងការបង្ក្រាប ទើបធ្វើឱ្យក្រុមឈ្មួញតែងបើកបររត់គេចរួចខ្លួនរហូត។
ប៉ុន្តែលើកនេះមិនអាចរត់រួចទេដោយមានអ្នកតាមឃ្លាំមើល និងរាយការណ៍ទើបកម្លាំងអាវុធហត្ថ បង្ក្រាបរួចបញ្ជូនគោយន្តកន្ត្រៃទាំង២គ្រឿងនិងឈើ ប្រមាណ៨ទៅ១០ម៉ែត្រគូប ប្រគល់ឱ្យស្នាក់ការបរិស្ថានស្រែវាលដើម្បីបន្តនីតិវិធី៕