នៅក្នុងសុន្ទរកថានៅថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិត្រូវបានគេរំពឹងថា នឹងប្រកាសពីការដាក់ពង្រាយកងទ័ព ជើងទឹក និងបុគ្គលិក RAF ទៅកាន់សមយុទ្ធយោធា Steadfast Defender ដែលមាន 31 ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប។
សមយុទ្ធ Steadfast Defender 24 របស់អង្គការណាតូ ធ្វើឡើងដើម្បីប្រារព្ធខួប ៧៥ឆ្នាំនៃសម្ព័ន្ធភាពលោកខាងលិច។ កងទ័ពអង់គ្លេស ចំនួន១៦,០០០នាក់ នឹងត្រូវទៅឈរជើង នៅអឺរ៉ុបខាងកើត ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ព្រមជាមួយនិងកងនាវាផ្ទុកយន្តហោះចម្បាំង យន្តហោះបំបាំងកាយ F35B Lightning ក៏ដូចជាយន្តហោះឈ្លបយកការណ៍ផងដែរ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ថា«ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកយោធាប្រហែល ២០,០០០នាក់ ដើម្បីចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតមួយរបស់អង្គការណាតូ ចាប់តាំងពីចុងបញ្ចប់នៃសម័យសង្គ្រាមត្រជាក់»។
លោក Shapps បានបន្ថែមថា «គេនឹងបានឃើញកងកម្លាំងយោធារបស់យើង ចូលរួមជាមួយសមភាគីមកពីប្រទេសចំនួន ៣០នៃអង្គការណាតូ បូករួមទាំងស៊ុយអែត ក្នុងន័យផ្តល់នូវការធានាយ៉ាងសំខាន់ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី»។
គួរបញ្ជាក់ថា សម្ព័ន្ធមិត្តក្នុងអង្គការណាតូ បានបង្កើនចំនួនកងទ័ពដើម្បីត្រៀមលក្ខណៈប្រយុទ្ធ ចាប់តាំងពីរស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែននៅឆ្នាំ២០២២ ហើយបានបន្តគាំទ្រទីក្រុងកៀវនូវជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌៕