ភ្នំភ្លើងមួយបានផ្ទុះឡើង ក្នុងប្រទេសអ៊ីស្លង់ ដោយកម្អែលរបស់វាហូរ ទៅជាយក្រុងនេសាទតូចមួយ និងលេបត្របាក់ផ្ទះសម្បែង។
យ៉ាងហោចណាស់ផ្ទះចំនួន 3ត្រូវបានដុតបំផ្លាញកាលពីថ្ងៃអាទិត្យ ខណៈដែលកម្អែភ្នំភ្លើងបានទៅដល់គែម នៃកំពង់ផែ Grindavik នេះបើយោងតាមរូបភាពផ្សាយផ្ទាល់តាមទូរទស្សន៍សាធារណៈ។
ការិយាល័យឧតុនិយមអ៊ីស្លង់ បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅមុនម៉ោង 8 ព្រឹកម៉ោងក្នុងស្រុក (8:00 GMT) បន្ទាប់ពីអាជ្ញាធរក្នុងតំបន់បានជម្លៀសប្រជាជនចំនួន 4,000 នាក់នៃទីក្រុងបន្ទាប់ពីការរញ្ជួយដីខ្នាតតូចជាបន្តបន្ទាប់។
ការិយាល័យឧតុនិយមបានបន្ថែមថា ការផ្ទុះនេះដែរបានធ្វើឲ្យមានស្នាមប្រេះប្រហែល 450 ម៉ែត្រ (500 យ៉ាត) ពី Grindavik កាលពីព្រឹកថ្ងៃអាទិត្យបានប្រែទៅជាប្រេះដែលមានប្រវែងប្រហែល 900 ម៉ែត្រ (984 យ៉ាត) គិតត្រឹមម៉ោង 6.45 ល្ងាច។
យ៉ាងណាមិញ មិនមានរបាយការណ៍នៃការស្លាប់ ឬរបួសទេ ហើយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មិនបានប៉ះពាល់អ្វីឡើយ។
វាជាលើកទីពីរហើយដែលភ្នំភ្លើង ស្ថិតនៅភាគនិរតីនៃរដ្ឋធានី Reykjavik បានផ្ទុះក្នុងរយៈពេលតិចជាងមួយខែ។
គួរជម្រាបថា អ៊ីស្លង់ដែលមានប្រជាជនប្រហែល 370,000 នាក់ និងស្ថិតនៅចម្ងាយប្រហែល 1,300 គីឡូម៉ែត្រ (807 ម៉ាយ) ភាគពាយព្យនៃចក្រភពអង់គ្លេស គឺជាជម្រកនៃភ្នំភ្លើងសកម្មជាង 30 ដែលធ្វើឱ្យកោះអ៊ឺរ៉ុបខាងជើងក្លាយជាគោលដៅសំខាន់សម្រាប់ទេសចរណ៍ភ្នំភ្លើង៕