អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង។
ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់ ដោយនិយាយថា ជម្លោះមួយផ្សេងទៀតដូចជាតំបន់ហ្គាហ្សា មិនគួរកើតឡើងនៅក្នុងប្រទេសលី បង់នោះទេ។
លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិថា “យើងមិនអាចឃើញនៅក្នុងប្រទេសលីបង់នូវអ្វីដែលយើងកំពុងឃើញនៅក្នុងតំបន់ Gaza នោះទេ។
ប្រធានអង្គការសហប្រជាជាតិ រូបនេះបាននិយាយថា មនុស្សរាប់ម៉ឺននាក់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងភាគខាងត្បូងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ហើយការចូលផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសលីបង់នៅតែបន្តមានឧបសគ្គ។
លោកបានមានប្រសាសន៍ថា “ឈប់លេងជាមួយភ្លើងឆ្លងខ្សែបន្ទាត់ខៀវ បន្ធូរបន្ថយ និងនាំអរិភាពដល់ទីបញ្ចប់ ដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ១៧០១”។
គួរជម្រាបថា ភាពតានតឹងបានកើនឡើងតាមបណ្តោយព្រំដែនលីបង់ជាមួយអ៊ីស្រាអែល ចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានបើកការវាយលុកយោធាយ៉ាងសាហាវនៅតំបន់ Gaza Strip បន្ទាប់ពីការវាយប្រហាររបស់ក្រុម Hamas កាលពីថ្ងៃទី ៧ ខែតុលា។
ការបាញ់គ្នាឆ្លងព្រំដែនបាននិងកំពុងកើតឡើងរវាងក្រុមហេសបូឡានិងកងកម្លាំងអ៊ីស្រាអ៊ែលនាពេលថ្មីៗនេះ ដែលជាការប៉ះទង្គិចគ្នាយ៉ាងសាហាវបំផុតចាប់តាំងពីភាគីទាំងពីរបានធ្វើសង្រ្គាមពេញលេញក្នុងឆ្នាំ ២០០៦។
ទោះជាយ៉ាងណា ប្រមុខអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ់នៅហ្គាហ្សាផងដែរ៕