(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេច នៅក្នុងប្រទេសបារាំងហើយ។
មុនជួបប្រជុំការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង បានធ្វើសន្និសីទព័ត៌មានរួមគ្នា បញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង។
ក្នុងសន្និសីទនោះ លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី។
លោក ម៉ាក្រុង បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោកប្រធានាធិបតី ក៏បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។
លោកប្រធានាធិបតី ក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយនៅអាស៊ី។
លោក ម៉ាក្រុង ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។
សម្តេចធិបតី ក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះការបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកប្រធានាធិបតីបារាំង។
សម្តេចធិបតី បានគូសបញ្ជាក់ថា បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងទ្វីបអឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។
លើសពីនេះទៅទៀតក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ យើងមានថ្នាក់ដឹកនាំកំពូល៣អង្គ និងរូប រួមមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងវត្តមានរបស់សម្តេចនៅពេលនេះ។
នេះបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា និងបារាំង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំទៅការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំង នៅក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។
តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង AFD បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតីបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់ របស់កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។
សម្ដេចសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ»។
នេះជាការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង នឹងជជែកគ្នាទៅលើប្រធានបទដែលមានការចាប់អារម្មណ៍រួម ក៏ដូចជាប្រយោជន៍រួមប្រទេសយើងទាំងពីរក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌសកលលោកផងដែរ។
សម្តេចធិបតី ក៏បានគូសរំលេចពីសារៈសំខាន់នៃតួនាទីរបស់វិស័យឯកជននៃប្រទេសទាំងពីរផងដេរ។
សម្តេចបានលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ នៃប្រទេសទាំងពីរពិតជាមានសារៈសំខាន់ ហើយអ្វីដែលចាំបាច់ និងសំខាន់ដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជន ដែលឯកឧត្តមប្រធានាធិបតីមានប្រសាសន៍មិញ។
ជាពិសេសវិស័យឯកជនទាំងពីរ យើងអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។
សម្តេចធិបតី បានលើកឡើងថា អាចនិយាយបានដោយមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជនក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់លើគ្រប់វិស័យដូចឯកឧត្តមរៀបរាប់នូវវិស័យសំខាន់ៗមួយចំនួន។
ក្នុងន័យនេះសម្ដេចចង់ឃើញថា ទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កាន់តែមានការកើនឡើងនៅក្នុងទំហំទ្វេដង។
សម្តេចធិបតី បានលើកឡើងដូច្នេះ ប៉ុន្មានថ្ងៃនេះ ខ្ញុំក៏បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង ក៏ដូចជាបានជួបជាមួយថ្នាក់ដឹកនាំវិស័យឯកជាច្រើនរបស់បារាំង ដែលមានការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក៏ដូចជាបានធ្វើសកម្មភាពវិនិយោគនៅកម្ពុជារួចទៅហើយ។
យើងសង្ឃឹមថា ការជួយ និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង នឹងជួយលើកទឹកចិត្តឱ្យវិស័យឯកជនបានធ្វើការទំនាក់ទំនង និងវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។
សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីនៅថ្ងៃនេះ នឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារ ដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង៕