បុរសជនជាតិដើមភាគតិចព្នងម្នាក់ ចុះជួយយកបាល់ក្នុងទឹក បណ្តាលឱ្យលង់ស្លាប់!

(មណ្ឌលគិរី)៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ បានចុះជួយយកបាល់ដែលក្មេងៗលេងធ្លាក់ចូលក្នុងទឹក បណ្តាលឱ្យលង់ស្លាប់ខ្លួនឯង។
ហេតុការណ៍នេះ បានកើតឡើងនៅម្តុំទំនប់សែនសុខដុម ហៅទំនប់លើ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ដែន ទង អាយុ២៣ឆ្នាំជនជាតិដើមភាគតិច(ព្នង)នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នៅមុនកើតហេតុជនរងគ្រោះបានឈរមើលក្មេងលេងបាល់។
លុះពេលបាល់ធ្លាក់ចូលទឹកក៏ចុះហែលជួយយកបាល់ឱ្យក្មេងៗ។
ពេលយកបាល់បានហើយក៏ហែលទឹកមកច្រាំងវិញ ស្រាប់តែលង់ទឹក បណ្ដាលឱ្យស្លាប់ មិនអាចមាននរណាជួយទាន់ឡើយ។
ក្រោយពីមានមនុស្សលង់ទឹក កម្លាំងនគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម ចុះពិនិត្យសាកសព។
បន្ទាប់ពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន ដោយមិនមានពាក់ព័ន្ធករណីផ្សេងទេ។
ក្នុងគ្រានោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តមណ្ឌលគិរី លោកបានជួយឧបត្ថម្ភទឹកប្រាក់ដល់អ្នកចុះជួយស្រង់សព ជនរងគ្រោះចំនួន១០០ដុល្លារ និងលោកអភិបាលក្រុងសែនមនោរម្យ បានឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនរៀលដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version