(កណ្ដាល)៖ ប្រជាពលរដ្ឋ បានសម្ដែងការខកចិត្តជាខ្លាំង ទៅលើក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដែលមានឈ្មោះ”បរិស្ថានភូមិយើង”រួមនិងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្ដាល។
ដែលបន្តចាក់ គំនរសំរាមស្អុយរលួយនៅក្បែរផ្ទះពួកគាត់ បណ្ដាលឱ្យជះខ្លិនស្អុយ ប៉ះពាល់បរិស្ថាន រំខានដល់ការរស់នៅ..!។
-មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុនប្រមូលសំរាមមួយនេះ តែងតែដុតសំរាមជាប្រចាំ បង្កជាផ្សែងខ្មៅហុយទ្រលោម ធុំខ្លិនឈ្ងៀមផង ស្អុយផង ប៉ះពាល់សុខភាពជាខ្លាំង.!។
រហូតអ្នកខ្លះសឹងតែលែងនៅផ្ទះ នឹងអ្នកខ្លះទៀត ត្រូវបង្ខំចិត្ត បិទអាជីវកម្មរបស់ខ្លួនទៀតផង។
ករណីនេះលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ថ្លែងថា លោកបានណែនាំឱ្យចាក់ដីគ្របពីលើសំរាម ដើម្បីបន្ថយខ្លិនស្អុយ ខណៈទីតាំងថ្មីកំពុងធ្វើសំណើរទៅថ្នាក់លើ។
-ជាក់ស្ដែង លោក គៀត ពិសិដ្ឋ ជាពលរដ្ឋដែលមានផ្ទះនៅជិត គំនរសំរាម ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
បានលើកឡើងថាៈ រាល់ថ្ងៃនេះពួកខ្លួនកំពុងរស់នៅទាំងលំបាក ដោយត្រូវទ្រាំនិងខ្លិនស្អុយរលួយ ចេញពីគំនរសំរាមផង និងត្រូវទ្រាំចំពោះផ្សែងខ្មៅធុំខ្លិនឈ្ងៀម ដែលហុយចេញពីការដុតសំរាម ទាំងថ្ងៃទាំងយប់ផង..!។
លោក គៀត ពិសិដ្ឋ បន្តថា ដោយបរិស្ថានមិនល្អ ជះខ្លិនស្អុយជាប្រចាំនិងធុំខ្លិនឈ្ងៀម បែបនេះហើយ។
ទើបលោកត្រូវបង្ខំចិត្តបិទអាហារដ្ឋានយីហោ«អនុសាវរីយ៍ព្រែកជ្រៅ»ដែលជាអាជីវកម្មប្រចាំគ្រួសាររបស់លោក។
បើតាមលោក គៀត ពិសិដ្ឋ ទាក់ទិនបញ្ហាខាងលើ កន្លងមកពលរដ្ឋជាច្រើនគ្រួសារ បានប្ដឹងតវ៉ា លែងឱ្យចាក់សំរាមនៅទីនេះ.!។
ដោយពលរដ្ឋតម្រូវ ឱ្យក្រុមហ៊ុន”បរិស្ថានភូមិយើង”ដឹកសំរាម ទៅចាក់នៅទីលានសំរាម ដែលមានស្រាប់ ទំហំ៥៣ហិកតា ស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ជំនួសវិញ។
ប៉ុន្តែពេលនោះអាជ្ញាធរស្រុកពញាឮ បានសុំពេលមួយរយៈ ដើម្បីធ្វើការដោះដូរទីតាំងចាក់សំរាម។
ពោលគឺ អាជ្ញាធរសន្យាជាមួយពលរដ្ឋថា នឹងប្ដូរទីតាំងចាក់សំរាម ត្រង់ចំណុចភូមិសង្វរ ឃុំកំពង់ហ្លួង ទៅចាក់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ជំនួសវិញ ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលែងឱ្យពលរដ្ឋនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ រងផលប៉ះពាល់ទៀតហើយ ។
-មិនដូច្នេះអី អាជ្ញាធរស្រុកពញាឮ បានត្រឹមសន្យាខ្យល់ប៉ុណ្ណោះ ជាក់ស្ដែងៈ មកទល់នឹងថ្ងៃទី២៣.០១.២០២៤នេះ សកម្មភាពនៃការចាក់សំរាម នៅក្បែរផ្ទះពួកគាត់ ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង នៅតែបន្តកើត មានដដែលជាដដែល!។
ខណៈខ្លិនស្អុយចេញពីគំនរសំរាម និងផ្សែងហុយឈ្ងៀម ចេញពីការដុតសំរាម នៅតែកើតមានយ៉ាងពេញបន្ទុក!។
ជាការឆ្លើយតបលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ និងជាអ្នកតំណាងឱ្យ ក្រុមហ៊ុនម៉ៅការប្រមូលសំរាម”បរិស្ថានភូមិយើង”បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី២៣.០១.២០២៤ថា ទីលានចាក់សំរាមនីមួយៗ ត្រូវចំណាយទុនច្រើនណាស់!។លោក ហេង គឹមហៀង បន្តថា ទីលានចាក់សំរាម នៅឃុំកោះចិន ស្រុកពញាឮ បច្ចុប្បន្នៈ មានផ្ទៃដីជាង៥០ហិកតា សម្រាប់ចាក់សំរាមប្រាកដមែន! ។
ប៉ុន្តែពុំទាន់មានរណ្ដៅនោះទេ ដោយពេលនេះ អាជ្ញាធរបានធ្វើសំណើរដល់ខេត្តហើយ គ្រាន់តែរង់ចាំការសម្រេចពីថ្នាក់ដឹកនាំប៉ុណ្ណោះ។ចំណែកលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ឯនេះវិញបានថ្លែងថា រូបលោកបានណែនាំឱ្យ ចាក់ដីគ្របពីលើសំរាមបណ្ដោះអាសន្នសិន។
ដើម្បីកាត់បន្ថយខ្លិនស្អុយ ខណៈទីតាំងថ្មី ដែលគ្រោងទុកនោះ កំពុងធ្វើសំណើរទៅថ្នាក់លើ ហេតុនេះលោក សូមឱ្យពលរដ្ឋមានការអត់ធ្មត់សិន..!។
យ៉ាងណាក៏ដោយ ពលរដ្ឋជាច្រើនគ្រួសារ សូមស្នើដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមនិងក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យចាត់វិធានការដោះស្រាយបញ្ហាខាងលើ ឱ្យទាន់សភាពការផងចុះ។
ជៀសវាងការអូសបន្លាយពេលវេលា ពី១ខែទៅ១ខែ ដោយទុកឱ្យពលរដ្ឋទ្រាំរស់នៅទាំងលំបាក ក្រោមឥទ្ធិពលគំនរសំរាម៕