(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។
មករៀបចំសែនព្រេន សូត្រមន្ត បោះព្រំស្ពានខ្សែកាបឬស្សីកែវ ដើម្បីសុំសេចក្តីសុខ បញ្ជៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០ ខែមករានោះផងដែរ។
កម្មវិធីធ្វើនៅក្រោមស្ពានអាកាសឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលជាកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់។
ការសែនព្រេន ដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី និងទេវតាថែរក្សាទឹកដី មានជ្រូកខ្វៃ និងភេសជ្ជៈដើម្បីសេចក្តីសុខ បញ្ចៀសគ្រោះថ្នាក់គ្រប់ប្រការ សូមកុំឱ្យកើតមានតទៅទៀត។
បន្ទាប់ពីសូត្រមន្តរួចព្រះសង្ឃ និងតាអាចារ្យក៏បានសូត្រមន្ត ដើរប្រោះព្រំតាមដងផ្លូវក្រោមស្ពាន និងលើស្ពានខ្សែកាបជុំវិញកន្លែងកើតហេតុនាពេលកន្លងទៅ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤ មានរថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2AZ-5854 បើកបរឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីគយតំបន់៣ នៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
បានបុករុញពីក្រោយរថយន្ត និងម៉ូតូកំពុង ឈប់ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៣នាក់។
ជាមួយនោះធ្វើឱ្យរថយន្តខូចស្ទើទាំងស្រុង២គ្រឿង និងម៉ូតូ៤គ្រឿងខូចខ្ទេចខ្ទី។
បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ស្ថិតនៅក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាកុល០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ។
ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅតុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ដើម្បីចាត់ការតាមច្បាប់៕