ហ្វូងដំរីព្រៃនៅខេត្តមណ្ឌលគិរី តែងតែចេញរកចំណី និងបង្ហាញខ្លួនឱ្យអ្នកស្រុកឃើញ!

(មណ្ឌលគិរី)៖ មន្ត្រីការពារដែនជម្រកសត្វព្រៃកែសីមា ខេត្តមណ្ឌលគិរី បានអះអាងថា ហ្វូងសត្វដំរីព្រៃជាច្រើនក្បាល។
តែងតែចេញវាល ដើម្បីរកចំណី និងទឹកផឹកដោយបង្ហាញខ្លួន ឱ្យអ្នកស្រុកឃើញ សឹងរាល់ថ្ងៃតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ..!។
មន្ត្រីការពារដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា អ្នកភូមិតែងតែប្រទះឃើញហ្វូងសត្វដំរីព្រៃ ជាច្រើនក្បាលដែលចុះមកក្នុងដីចម្ការរបស់អ្នកភូមិ និងពេលខ្លះស្វែងរកទឹកផឹក។
កន្លងទៅអ្នកភូមិ នៅឃុំស្រែព្រះបានប្រទះឃើញដំរីមួយហ្វូងដែរ។

ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញខ្លួនជាច្រើនក្បាល ក្បែរភូមិអ្នកស្រុក ដើម្បីផឹកទឹកនិងរកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ។

ខណៈវត្តមានសត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អដោយ បញ្ជាក់ឱ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ឡើយ ។
ក្នុងនោះដែរ ករណីវត្តមានដំរីព្រៃនេះ អាជ្ញាធរសង្កាត់រមនា បានប្រាប់ពលរដ្ឋរស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យមានការប្រុងប្រយ័ត្ន។ព្រោះមានហ្វូងដំរីព្រៃចេញចូលដល់ចម្ការអ្នកភូមិ ក្រែងវាបង្កគ្រោះថ្នាក់ក្នុងប្រការណាមួយ។

ចំណែកប្រជាពលរដ្ឋនៅ ស្រុកកែវសីមាបានលើកឡើងថា នារដូវប្រាំងហ្វូងដំរីព្រៃតែងតែចេញពីព្រៃមករកចំណី ឬរកកន្លែងមានទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃរបស់វាធ្លាប់រស់នៅ។ពលរដ្ឋបានបន្តថា ការបង្ហាញខ្លួនហ្វូងដំរីទាំងនោះ ក៏បង្កការរំខានខ្លះដែរ គឺពួកវាបានស៊ីដំណាំផ្សេងៗរបស់អ្នកស្រុកដែលបានដាំ។ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់អ្នកភូមិទេ ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា កម្លាំងឧទ្យានុរក្សតែងល្បាតក៏ប្រទះ ឃើញហ្វូងដំរីព្រៃជាញឹកញាប់ ហើយប្រហែល៣ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញខ្លួននៅតំបន់ឃុំស្រែព្រះ។បើ គិតរហូតមកដល់ពេលនេះ មិនទាន់កំណត់បានតួរលេខជាក់លាក់ នៃដំរីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមានោះនៅឡើយទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ ប្រមូលបានសំណាកសត្វដំរីព្រៃប្រមាណជាង៤០០ សំណាកយកទៅពិសោធន៍ ដើម្បីកំណត់ចំនួនរបស់ពួកវា តែមិនទាន់ទទួលបានលទ្ធផល ។

សូមបញ្ជាក់ថា តួរលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ដែលមន្ត្រីជំនាញបានផ្ដល់ឱ្យ សត្វដំរីព្រៃអាស៊ីនៅខេត្តមណ្ឌលគិរី មិនមានចំនួនថយចុះទេ។
ពួកវាកំពុងរស់នៅក្នុងព្រៃបង្កាត់កូនយ៉ាងសុខសាន្ត។
ក្នុងនោះចំនួនរបស់ពួកវាអាច មានចន្លោះពី៣០០ទៅ៤០០ក្បាល មានរស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បន្ទាប់មកដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅ ក្នុងដែនជម្រកសត្វព្រៃស្រែពកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version