(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើដែល អាចបង្កផលប៉ះពាល់ដល់សំណង់ផ្សេងៗ ក្នុងវត្តតាំងតុ ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទនានាក្នុងបរិវេណអង្គរ។
តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងរន្ទាសម្រាប់ កាត់ក្រីមែកឈើ មួយចំនួនក្នុងបរិវេណវត្តតាំងតុ ចាប់តាំងពីថ្ងៃទី១៧ ខែមករាម កម្លេះ។
ការកាត់ក្រីមែកឈើធំៗនេះ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗ ក្នុងវត្តព្រមទាំងការពារគ្រោះថ្នាក់នានាផងដែរ។
មន្ត្រីបច្ចេកទេសបានឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។
ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ថ្វីត្បិតតែមានការព្រួយបារម្ភ អំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់។ប៉ុន្តែព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទជាម្លប់។
ជាមួយនេះ ក៏ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។
ដូច្នេះដើមឈើដែលក្រុមការងារ កាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ឬក៏ពុកមែក។
ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។
អាជ្ញាធរជាតិអប្សរា តែងតែបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕