ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់39នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ។
សារព័ត៌មាន Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល 3 រសៀលម៉ោងក្នុងស្រុក(0700GMT)នៅហាងតាមដងផ្លូវក្នុងទីក្រុង Xinyu ក្នុងខេត្ត Jiangxi ។
ភ្លាមៗនោះ ក្រុមពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីអគ្គិភ័យបានចាប់ផ្តើម និងចាប់ផ្តើមធ្វើការពន្លត់ភ្លើង។
យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតបន្ថែម រួមទាំងមូលហេតុដែលអាចបង្កឲ្យមានអគ្គិភ័យត្រូវបានគេផ្តល់ឲ្យនោះទេ។
គួរជម្រាបថា នេះជាឧបទ្ទវហេតុអគ្គីភ័យលើកទីពីរនៅប្រទេសចិន ដែលមានមនុស្សស្លាប់និងរបួសក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។
កាលពីថ្ងៃសៅរ៍កន្លងទៅ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់នៅពេលមានអគ្គីភ័យឆាបឆេះក្នុងអន្តេវាសិកដ្ឋានសាលាមួយក្នុងខេត្ត Henan ភាគកណ្តាល។
ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធក៏បានជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើតឡើងវិញនៃគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារជីវិតមនុស្ស ទ្រព្យសម្បត្តិ និងស្ថិរភាពសង្គមឱ្យកាន់តែប្រសើរឡើង៕