(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
បានសម្រេចឃុំ ខ្លួនតារាចម្រៀង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្ន ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
សូមជម្រាបថា កាលរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
បានបញ្ជូនខ្លួនតារាចម្រៀងនិងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ពីបទ៖ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។
ការឃាត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទ៖ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបញ្ជាក់ថា ជនត្រូវចោទឈ្មោះ កែវ ពិសី ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ ជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តារាចម្រៀងរូបនេះសមត្ថកិច្ចធ្លាប់បានកោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ ប្រាក់(សែកស្អុយ)តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ។
ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។
ពាក់ព័ន្ធករណីចេញមូលប្បទានប័តគ្មានសាច់ប្រាក់(សែកស្អុយ)នោះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី បំភ្លឺនៅសមត្តកិច្ចថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាង រាប់ម៉ឺនដុល្លារកំពុងរត់គេចខ្លួន ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង៕