(កំពង់ឆ្នាំង)៖ កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដូចភ្លៀងរលឹម និងកម្ទេចសម្រាស់ចោលចំនួន៤៧កន្លែង នៅ២គោលដៅផ្សេងគ្នាកាលពីថ្ងៃទី២៤ ខែមករា។
មន្រ្តីជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កម្លាំងជំនាញ បានបន្តចុះបង្ក្រាបការនេសាទខុសច្បាប់ ដោយដាក់សម្រាស់ចំនួន៤៧កន្លែង ក្នុងតំបន់អភិរក្ស ស្រុកបរិបូណ៌ និងបង្ក្រាបរបាំងលូស្បៃមុងចំនួន១១កន្លែងនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
គោលដៅទី១-ខណ្ឌរដ្ឋបាលជលផលដឹកនាំដោយ លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅម្តុំព្រែកតាសួស ភូមិពាមឆ្កោក និងត្រង់ព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។
វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន របាំងស្បៃមុង១១កន្លែងប្រវែង២៥០ម៉ែត្រ លូស្បៃមុង១១គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះប្រមាណ៥០ គីឡូក្រាមចូលដែននេសាទវិញ។
គោលដៅទី២-ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប៉ុស្តិ៍កំពង់ព្រះគគី និងសហគមន៍នេសាទកំពង់ព្រះគគីរ បានសហការចុះបង្ក្រាបបទល្មើសនៅម្តុំព្រែកកោះរ៉ង និងចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។
ក្រោពីការបង្ក្រាប មន្រ្តីជំនាញបានបញ្ជាក់ថា ជាលទ្ធផលសម្រេចបាន រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន៤៧កន្លែង ស្មើនិង២.៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន១.៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែសម្រាប់ចង២០គីឡូក្រាម៕