រដ្ឋាភិបាលទាំងពីរ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអនាគតនៃក្រុមចម្រុះយោធា ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណង កំណត់ពេលវេលាសម្រាប់ការដកទ័ព ជាដំណាក់កាល និងការបញ្ចប់នៃក្រុមចម្រុះ។
ក្រសួងការបរទេសអ៊ីរ៉ាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ទីក្រុងបាកដាដមានគោលបំណង “បង្កើតតារាងពេលវេលាជាក់លាក់ និងច្បាស់លាស់ដែលបញ្ជាក់ពីរយៈពេលនៃវត្តមាន របស់ទីប្រឹក្សាចម្រុះអន្តរជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់” និងដើម្បី “ផ្តួចផ្តើមការកាត់បន្ថយបន្តិចម្តងៗ និងដោយចេតនានៃទីប្រឹក្សារបស់ខ្លួន នៅលើដីអ៊ីរ៉ាក់ ដែលនាំទៅដល់ការបញ្ចប់បេសកកម្មចម្រុះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សានឹងធ្វើឡើងជាផ្នែកនៃគណៈកម្មាធិការយោធាជាន់ខ្ពស់មួយ ដែលបានព្រមព្រៀងគ្នាក្នុងខែសីហា ឆ្នាំ២០២៣ មុនពេលការផ្ទុះឡើងនៃសង្គ្រាមរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សានៅថ្ងៃទី៧ ខែតុលា ។
បានធ្វើឱ្យកក្រើកតំបន់នេះ ហើយនឹងពិភាក្សាអំពី “ការផ្លាស់ប្តូរទៅកាន់ភាពជាដៃគូសន្តិសុខទ្វេភាគីយូរអង្វែងរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ៊ីរ៉ាក់ក៏និយាយផងដែរថា វត្តមានរបស់ក្រុមចម្រុះបានក្លាយជាមេដែកសម្រាប់អស្ថិរភាព ចំពេលមានការវាយប្រហារជារៀងរាល់ថ្ងៃដោយក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅលើមូលដ្ឋានទ័ព និងការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក ដែលកើនឡើងចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សាបានចាប់ផ្តើម។
ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបារម្ភថា ការដកទ័ពលឿនអាចបង្កើតកន្លែងទំនេរសុវត្ថិភាព ដែលអាចបំពេញដោយក្រុមអ៉ីរ៉ង់ ឬ ISIL ដែលរក្សាកោសិកាដៃជើងពួកភរវករនៅតំបន់វាលខ្សាច់ និងបន្តការវាយប្រហារកម្រិតទាប បើទោះបីជាគ្មានទឹកដីក៏ដោយ។
គួរជម្រាបថា សហរដ្ឋអាមេរិកមានវត្តមានជាបន្តបន្ទាប់នៅអ៊ីរ៉ាក់ចាប់តាំងពីការឈ្លានពានឆ្នាំ ២០០៣។
ក្រោយមក កងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកបានចាកចេញនៅឆ្នាំ 2011 ប៉ុន្តែទាហានរាប់ពាន់នាក់បានត្រឡប់មកវិញក្នុងឆ្នាំ 2014 ដើម្បីជួយរដ្ឋាភិបាលអ៊ីរ៉ាក់កម្ចាត់ក្រុម ISIL (ISIS)៕