ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកប៉ូលីស10 នាក់ត្រូវបានសម្លាប់ និង 6នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ មកលើប៉ុស្តិ៍ប៉ូលីស កាលពីព្រលឹមថ្ងៃចន្ទ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។
មន្ត្រីប៉ូលិសនៅតំបន់ Draban របស់ប៉ាគីស្ថាន ក្នុងខេត្ត Khyber-Pakhtunkhwa បាននិយាយថា នៅប្រហែលម៉ោង ៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ក្រុមសកម្មប្រយុទ្ធបានធ្វើសកម្មភាពបាញ់ប្រហារ ហើយសម្រុកចូលទៅក្នុងអគារស្នាក់ការរបស់ប៉ូលិស។
ស្នងការរងប៉ូលិសតំបន់ Draban លោក Malik Anees ul Hassan បញ្ជាក់ថា«បន្ទាប់ពីចូលទៅក្នុងអគារហើយ ក្រុមភេរវករបានគប់គ្រាប់បែកដៃ បណ្តាលឱ្យមានមន្រ្តីប៉ូលិសរងរបួសថែមទៀត។
យ៉ាងណាមិញ ភ្លាមៗគេមិនទាន់ដឹងទេថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយថាតើវាទាក់ទងនឹងការបោះឆ្នោតឬអត់នោះ។
Draban ស្ថិតនៅក្នុងតំបន់ដែលត្រូវបានគេចាត់ទុកថា ជាបន្ទាយដ៏រឹងមាំរបស់គណបក្ស Jamiat Ulema-e-Islam។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មេដឹកនាំនៃគណបក្សសាសនានិយមមួយនេះ គឺលោក Maulana Fazal Ur Rehman បានធ្វើដំណើរទៅកាន់អាហ្វហ្គានីស្ថាន កាលពីខែមករា ។
ដើម្បីជួបមេដឹកនាំខាងវិញ្ញាណដ៏កំពូលមួយរូបរបស់តាលីបង់ ហើយជាជំនួបមួយក្នុងចំណោមជំនួបជាមួយឥស្សរជនបរទេសដែលមានអ្នកដឹងលឺតិចតួចបំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន បេក្ខជនតំណាងរាស្រ្តម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅកន្លែងផ្សេងទៀតក្នុងខេត្ត Khyber-Pakhtunkhwa។
នៅថ្ងៃដដែលនោះដែរ មេដឹកនាំនយោបាយម្នាក់ទៀត ក៏ត្រូវគេបាញ់សម្លាប់នៅឯការិយាល័យនៃគណបក្សរបស់លោកតែម្តង ក្នុងខេត្ត Balochistan។
ក្រៅពីនេះ ការវាយប្រហារដោយគ្រាប់បែក អំឡុងពេលជួបជុំគ្នាមួយបន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតបានសម្លាប់មនុស្ស ៤នាក់ក្នុងខេត្ត Balochistan ដោយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕