(ភ្នំពេញ)៖ លោកប ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរយៈពេល៨ថ្ងៃចុងក្រោយ ។
ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីងក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥ ដែលនៅភ្នំពេញកើតឡើងនិងបង្ក្រាបបានច្រើនជាងគេ។ លោកបន្តថា៖
-រាជធានីភ្នំពេញ ២១ករណី ឃាត់ខ្លួន ៣៨នាក់
-ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន ៣នាក់
-ខេត្តកំពង់ស្ពឺ ២ករណី ឃាត់ខ្លួន ១៦នាក់
-ខេត្តព្រៃវែង ១ករណី ឃាត់ខ្លួន ១១នាក់
-ខេត្តស្វាយរៀង ១ករណី ឃាត់ខ្លួន ១នាក់។
សមត្ថកិច្ចជំនាញជំនាញ បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងមិនដកដៃ។
តាមការសង្កេតឃើញថា ពួកគេបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនជាដេីម ធ្វើសកម្មភាពខុសសីលធម៌ និងផ្ទុយពីច្បាប់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេស ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។
ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕