(ភ្នំពេញ)៖ អនុវត្តតាមដីកា បញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានធ្វើការឃាត់ខ្លួន និងបញ្ជូនអគ្គនាយកក្រុមហ៊ុនហ៊ូរ ទៀន ត្រេឌីង (ខេបូឌា)ឯ.ក ទៅតុលាការ ។
ដើម្បីសាកសួរករណី រំលោភលើទុកចិត្ត តាមពាក្យបណ្តឹងរបស់ពាណិជ្ជករជនជាតិចិនម្នាក់ ដែលជាដៃគូដាក់ទុន និងបង្កើតមុខរបររកស៊ីជាមួយគ្នា។
ជនសង្ស័យឈ្មោះ ង៉ោ កុកគង់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអគ្គនាយក តំណាងឱ្យក្រុមហ៊ុន ហ៊ូរ ទៀន ត្រេឌីង (ខេបូឌា)ឯ.ក មានទីលំនៅផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សំណុំរឿងខាងលើនេះបានស្ថិតនៅដៃលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ប៉ុន្តែនៅពេលសាកសួររហូតដល់ផុតម៉ោងការងារមន្ត្រីរាជការសម្រាក តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្តកិច្ចវិញ តែតម្រូវឱ្យនាំទៅសាកសួរបន្តនៅព្រឹកថ្ងៃបន្ទាប់ទៀត ។
ការឃាត់ខ្លួននិងបញ្ជូនអគ្គនាយក តំណាងឱ្យក្រុមហ៊ុនខាងលើនេះ ទៅសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានមេធាវីការពារក្តីជនរងគ្រោះបង្ហើបឱ្យដឹងថា ដើមបណ្តឹងមានឈ្មោះ HUANG WENCHAO (ហ៊ង វីនឆាវ) ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរ ជាពាណិជ្ជករ ស្នាក់នៅបុរីពិភពថ្មីកំបូល៣ គម្រោង៦ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនសង្ស័យពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាលឬបុគ្គលផ្សេងទៀតលួច សមគំនិតរំលោភលើទំនុកចិត្ត និងគំរាមថានឹងសម្លាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ។
ដើមចមក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ហ៊ង វីនឆាវ បានស្គាល់ឈ្មោះ ង៉ោ កុកគង់ តាមរយៈស្ត្រីម្នាក់ជាគូកន ។
រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានក្រុមមួយនៅប្រទេសចិន បានសហការជាមួយនិងហាងលក់បន្លែ ឈ្មោះ សានយ៉ាវ ដែលមានឈ្មោះ ចាំង ហ៊ុយជៀន ជាម្ចាស់ហាង ដោយរៀបចំបង្កើតក្រុមហ៊ុន ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក ខណៈពេលនោះបុគ្គលឈ្មោះ ង៉ោ កុកគង់ បានប្រាប់ភាគីចិនថា គេមានតួនាទីជាមេធាវី មានខ្សែឯកឧត្តម អភិបាលខេត្តមួយរូប ដោយបានអះអាង និងសន្យាធានាថា នឹងធ្វើឱ្យក្រុមហ៊ុនមួយនេះដំណើរការទៅមុខបានល្អ ។
ពេលនោះភាគីដើមបណ្តឹង និងសហការីជាដៃគូបានព្រមព្រៀងគ្នាឱ្យឈ្មោះ ង៉ោ កុកគង់ ហៅ វ៉ូ កុកគង់ ឈរឈ្មោះធ្វើជាអ្នកតំណាងឱ្យក្រុម ហ៊ុន ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក ដែលគាត់ជាជនជាតិខ្មែរមានសិទ្ធិឈរឈ្មោះជានាយកក្រុមហ៊ុន ស្របតាមច្បាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបាន ។
បន្ទាប់មកទើបដៃគូភាគីចិនឯកភាពនិងឈានដល់ការបង្កើតក្រុមហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.ក” ដោយឱ្យឈ្មោះ ង៉ោ កុកគង់ ជនជាតិខ្មែរ ឈរឈ្មោះជាអគ្គនាយកក្រុមហ៊ុន មើលថែរក្សា និងគ្រប់គ្រងក្រុមហ៊ុនរួមទាំងអតិថិជន(ជាម៉ូយបន្លែ)ចំនួន៨០ម៉ូយនៅក្នុងរាជធានីភ្នំពេញ នេះទៀតផង ។
ក្រោយពេលបង្កើតក្រុមហ៊ុនរួចមក ជនសង្ស័យបានប្រតិបត្តិការក្នុងនាមជាអ្នកតំណាងក្រុមហ៊ុន ដោយមានឃ្លាំងមួយកន្លែងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាទីតាំងស្តុកនិងបញ្ចេញទំនិញ រហូតដល់សព្វថ្ងៃនេះ ។
អស់រយៈពេលជិត៤ឆ្នាំកន្លងមកជនសង្ស័យបានផ្តល់តែតួលេខចំណូលចំណាយ តាមរយៈឯកសារឱ្យភាគីចិនបានដឹងតែប៉ុណ្ណោះទេ រីឯសាច់ប្រាក់មិនដែលបានឱ្យដល់ក្រុមហ៊ុនសូម្បីមួយដុល្លារសោះឡើយ ។ លុះមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដើមបណ្តឹងនិងដៃគូភាគហ៊ុនបានចូលរួមប្រជុំនៅទីតាំងឃ្លាំងជួល ដោយមានឈ្មោះ ង៉ោ កុកគង់ និងស្ត្រីម្នាក់ជាបក្សពួកបានសម្រេចប្រគល់ប្រាក់ឱ្យភាគីហ៊ុនចិន១លានដុល្លារអាមេរិក ដើម្បីឱ្យដើរចេញពីក្រុមហ៊ុន តែភាគីចិនមិនទាន់ឯកភាពតាមសំណើនោះទេ ។
រហូតមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យនិងគូកនម្នាក់នោះបានជួបប្រជុំក្រុមហ៊ុនម្តងទៀត ហើយលើកនេះជនសង្ស័យបានគំរាមឱ្យភាគីចិនដើរចេញដោយមិននិយាយរឿងផ្តល់ប្រាក់ឱ្យទេ ថែមទាំងគំរាមថា បើចង់ខ្លាំងគេចាប់ដាក់គុក និងសម្លាប់ចោលទៀតផង។
ពាក្យបណ្តឹងបញ្ជាក់ទៀតថា ដោយមានការភ័យខ្លាចនឹងការគំរាមសម្លាប់យ៉ាងដូច្នោះ ជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យសមត្តកិច្ចចាត់ការលើជនសង្ស័យឈ្មោះ ង៉ោ កុកគង់ អគ្គនាយក តំណាងក្រុមហ៊ុន”ហ៊ូរទៀន ត្រេឌីង (ខេបូឌា)ឯ.កទៅតាមផ្លូវច្បាប់ ។
ដើម្បីរកយុត្តិធម៍ជូនជនបរទេសដែលបានមកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា កុំឱ្យមានការរំលោភ បំពាន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ៕