អ៊ីស្រាអែលបានប្តេជ្ញា កាលពីថ្ងៃពុធថានឹងតាមប្រមាញ់ ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប និងជុំវិញពិភពលោក។
រដ្ឋមន្ត្រីខុទ្ទកាល័យ សង្រ្គាមលោក Benny Gantz បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv ថា «នឹងគ្មានទីក្រុងទីសក្ការៈ គ្មានផ្ទះសម្បែងទេ។
យើងនឹងទៅគ្រប់ទីកន្លែងដែលយើងត្រូវការក្នុងគោលបំណងដើម្បីលុបបំបាត់…(Hamas) ទាំងលើដីនិងក្រោមដី។
នៅហ្គាហ្សា និងជុំវិញពិភពលោក»។
លោកបានបន្ថែមថា៖ «យើងនឹងទៅដល់ប្រមុខរដ្ឋាភិបាលដូចដែលយើងបានទៅដល់មជ្ឈមណ្ឌលរដ្ឋាភិបាល។
លោក Gantz អតីតរដ្ឋមន្ត្រីការពារជាតិក៏បានគំរាមវាយលុកយោធាប្រឆាំងនឹងក្រុម Hezbollah របស់ប្រទេសលីបង់ ចំពេលមានភាពតានតឹងកើនឡើងនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ផងដែរ។
លោកបានបន្ថែមថា៖ «អ្វីដែលយើងកំពុងធ្វើឲ្យមានប្រសិទ្ធភាពនៅភាគខាងត្បូង អាចធ្វើការកាន់តែល្អជាងនៅភាគខាងជើង បើចាំបាច់»។
គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងដីដោយឥតឈប់ឈរលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមតស៊ូប៉ាឡេស្ទីន Hamas កាលពីថ្ងៃទី ៧ ខែតុលា។
ប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១.៣២០ នាក់បានស្លាប់ ក្នុងនោះមានស្ត្រី និងកុមារជិត ៧.៨០០ នាក់ និងជាង ២៩.២០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីន។
អគាររាប់ពាន់រួមទាំងមន្ទីរពេទ្យ វិហារអ៊ីស្លាម និងព្រះវិហារត្រូវបានខូចខាត ឬបំផ្លាញនៅក្នុងការវាយលុករបស់អ៊ីស្រាអែល។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែល មានចំនួន 1,200 នាក់៕