(ភ្នំពេញ)៖ ក្រោយរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសចាត់វិធានការបង្ក្រាប និងបិទរាល់ល្បែងស៊ីសងក្នុងមូលដ្ឋាន រួមទាំងល្បែង(ឡូតូ)ផងនោះ!។
ស្រាប់តែក្រុមហ៊ុន«ឡូតូ 8888»ប្រកាសពីការបើក ដំណើរការអាជីវកម្ម របស់ខ្លួនឡើងវិញ ទូទាំងប្រទេសលើកលែងតែ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
ជាក់ស្ដែងៈ នៅថ្ងៃទី០៩.០២.២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ លើកឡើងថា ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ។
ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឹងម៉ាត់បំផុត។
-លុះដល់ថ្ងៃទី១១.០២.២០២៤ ក្រុមហ៊ុនល្បែងឡូតូ 8888.បានប្រកាសជូនដំណឹងដល់ គ្រប់តំណាងចែកចាយឡតូ 8888 ទូទាំង២៥ខេត្ត-ក្រុងថា តំណាងចែកចាយឡូតូ8888 ទាំងអស់អាចបើកដំណើរការ អាជីវកម្មឡើងវិញបាន ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ លើកលែងតែ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅមិនទាន់អាចបើកដំណើរអាជីវកម្ម បាននោះទេ។
-សម្រាប់រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ការបើកដំណើរការ អាជីវកម្មឡើងវិញ ក្រុមហ៊ុននឹងជូន ដំណឹងនៅពេលក្រោយ…!៕