(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧.០២.២០២៤ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្នពីបទ”ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំ”។
-នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧.០២.២០២៤។
-ជនត្រូវចោទឈ្មោះ ឃឹម សុផាណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទ ប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ មាត្រា៣១២ មាត្រា៦២៦ និងមាត្រា៦២៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការឃុំខ្លួននៅពេលនេះ បន្ទាប់ពីជនត្រូវចោទប្រើប្រាស់ គណនីនិងរូបឈ្មោះ គង់ ម៉ូ លីកា មកបង្ហោះប្ដឹងប៉ូលិសចរាចរណ៍ នៅស្តុបក្ដាន់២ ដោយថា ផាកពិន័យយកលុយពីនាងផង និងឆាតញ៉ែនាងផង..!។
គួរម្លឹកថាៈ កាលពីកន្លងទៅថ្មីៗនេះ មានករណីនារីស្រស់ស្អាតម្នាក់ឈ្មោះ ម៉ូ លីកា បានបង្ហោះសម្ដែងការមិនពេញចិត្ត។
ចំពោះ ប៉ូលីសចរាចរណ៍ ដែលផាកពិន័យ យកលុយពីនាងហើយ ថែមទាំងយកលេខនាង ឆាតញ៉ែទៀង..!។
ក្នុងនោះ នាងក៏សូមសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការណែនាំ នគរបាលចរាចរណ៍ ដើម្បីអនុគ្រោះដល់អ្នកជំងឺក្នុងឡាន។
-ជាការឆ្លើយតបលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យនាងសហការ មកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញ ដើម្បីឱ្យលោកមានមូលដ្ឋាន ចាត់វិធានការ។
ជាមួយគ្នានោះលោក ជួន ណារិន្ទ ថ្លែងថា ប្រសិនបើនាងមិនមកជួបរូបលោក ឬមិនដាក់ពាក្យបណ្ដឹង ក៏លោកធ្វើការរឿងនេះ ដើម្បីជូនព័ត៌មាន ដល់មហាជនផងដែរ។
លុះថ្ងៃទី០៧.០២.២០២៤ សមត្ថកិច្ច បានហៅប៉ូលីសចរាចរណ៍ មកសួរនាំដើម្បីស្រាវជ្រាវ រីឯនាង ម៉ូ នីកា បែរជាអវត្តមាន។
ស្រាប់តែពេលនេះ លេចមុខអ្នកប្រឌិតរឿង បង្កើតបញ្ហា ជាអ្នកផ្សេងទៅវិញ៕