វិមានក្រឹមឡាំង បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើអង្គការណាតូបញ្ជូនកងទ័ពជើងគោក ទៅជួយអ៊ុយក្រែន នឹងនាំឱ្យមានជម្លោះកាន់តែធំជាមួយរុស្ស៊ី ។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា សម្ព័ន្ធភាពលោកខាលិច អាចនឹងបញ្ជូនកងទ័ព ទៅជួយអ៊ុយក្រែន។
-តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី២៨ ខែកុម្ភៈ សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ី លោក Konstantin Kosachev បាននិយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ។
ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។
លោកព្រមានថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកត់សម្គាល់របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការបញ្ជូនកងទ័ព។
វិធីសាស្រ្តដែលបង្ហាញដោយមេដឹកនាំបារាំងរូបនេះ គឺពិតជាមានហានិភ័យណាស់ ច្បាស់ជាបង្កឲ្យស្ថានភាពធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏មហន្តរាយមិនខានឡើយ។ វិមានក្រឹមឡាំង មិនអត់ឱនចំពោះវិធានការបែបនេះដាច់ខាត។
លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ។
ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីទៀតផង”។
ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារូបនេះ គឺកើតឡើងស្របគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលនិយាយថា ទង្វើនេះនឹងនាំឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងប្លុកដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងមូស្គូ។
ដោយឡែក កាលពីសប្តាហ៍មុន អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda ថា តាមពិតទៅ កងទ័ពណាតូ បានចូលដៃជាមួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ គ្រាន់តែក្លែងខ្លួនជាទាហានស៊ីឈ្នួលប៉ុណ្ណោះ។
តាមការបញ្ជាក់របស់លោក Rudskoy, “ទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួលចូលរួមក្នុងប្រតិបត្តិការយោធា។
ពួកគេគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ហើយដាក់បញ្ចូលទៅក្នុងកងអង្គភាពវាយប្រហារថែមទៀត”។
គួរបញ្ជាក់ គំនិតនៃការបញ្ជូនទ័ពជើងគោកចូលទៅអ៊ុយក្រែន ត្រូវបានលើកឡើងដោយលោក Macron កាលពីថ្ងៃចន្ទ ក្រោយកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស។
លោកប្រធានាធិបតីបង្ហើបថា សេណារីយ៉ូណាមួយ រួមទាំងការបញ្ជូនទ័ពផងដែរនោះ មិនអាចទាត់ចោលបានឡើយ ដោយលើកហេតុផលថា លោកខាងលិចមិនគួរឈប់ធ្វើសកម្មភាព ហើយទុកឲ្យរុស្ស៊ីត្រួតត្រាអ៊ុយក្រែនបានទេ៕