(ភ្នំពេញ)៖ ច្បាស់ហើយ ករណីឆេះផ្ទះរថយន្តក្រុងដឹកភ្ញៀវ នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
មូលហេតុមកពី.លក្ខណៈបច្ចេកទេសរបស់រថយន្តក្រុង៤៥កៅអីនោះ និងបាន ឆេះរាលដាល ដល់រថយន្តចតក្បែរ ចំនួន២គ្រឿងទៀត។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥.០៣.២០២៤។
រដ្ឋបាលខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះថា តាមរយៈរបាយការណ៍ស្រាវជ្រាវបឋម របស់សមត្ថកិច្ច រថយន្តក្រុង៤៥កៅអី មួយគ្រឿង បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។
មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។
គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ ដែលបានកើតឡើងនេះ។
ករណីគ្រោះថ្នាក់នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។
រដ្ឋបាលខេត្ត ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈាន ទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕