ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) កាលពីថ្ងៃអង្គារ បានចេញដីកាចាប់ខ្លួន មេបញ្ជាការរុស្ស៊ីចំនួន២នាក់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេបញ្ជាការយោធារុស្ស៊ី លោក Sergei Ivanovich Kobylash និងលោក Viktor Nikolaevich Sokolov ។
ដោយចោទប្រកាន់ពួកគេទាំងពីររូប ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។
តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយថា «មានមូលហេតុសមហេតុផលក្នុងការជឿថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល ។
ដែលធ្វើឡើងដោយកងកម្លាំងក្រោមការបញ្ជារបស់ពួកគេ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣»។
តុលាការបានបន្ថែមថា គ្រោះថ្នាក់ដល់ជនស៊ីវិល និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារ គឺពិតជាហួសកម្រិត បើប្រៀបធៀបទៅនឹងផលប្រយោជន៍យោធាដែលរំពឹងទុក។
ដោយឡែក រដ្ឋអាជ្ញាអ៊ុយក្រែន ក៏កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៃយុទ្ធនាការរដូវរងារបស់រស្ស៊ី ។
ដែលបានវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧបករណ៍ប្រើប្រាស់សាធារណៈរបស់ប្រទេសអ៊ុយក្រែន។
ប្រទេសរុស្ស៊ី បានបដិសេធចំពោះការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយចេតនា ក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហាររបស់ខ្លួនគឺសុទ្ធតែមានគោលបំណង កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ទីក្រុងគៀវ។
គួរបញ្ជាក់ថា នេះជាដីកាចាប់ខ្លួនលើកទីពីរហើយ ចំពោះមន្ត្រីរុស្ស៊ីពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ កាលពីខែមីនាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ធ្លាប់បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងស្នងការកុមារ លោកស្រី Maria Lvova Belova ពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែនផងដែរ៕