(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ។
បានបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ទូទាំងប្រទេស ចំនួន២៦ទីតាំង ដោយបានឃាត់ខ្លួនមនុស្សចំនួន១២២នាក់។
នេះបើតាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរង បន្តថា ក្នុងចំណោមទីតាំងទាំង២៦នេះ មាន១៤ទីតាំង និងមនុស្ស៦២នាក់ ដែលនគរបាលជាតិ អនុវត្តវិធានការច្បាប់ ពោលគឺកសាងសំណុំរឿងទៅតុលាការ ចោទប្រកាន់ផ្ដន្ទាទោសតាមច្បាប់កំណត់។
ទន្ទឹមនេះ ក៏មានការបង្ក្រាបករណីល្បែងភ្នាល់តាមអ៉ិនធើណេតចំនួន៥ទីតាំង មនុស្សចំនួន៥នាក់ផងដែរ។
ទីតាំងដែលបង្ក្រាបនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ចំណែក១២ទីតាំងទៀត ឃាត់ខ្លួន៦៤នាក់ នគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរដ្ឋបាល ពោលគឺគ្រាន់តែអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិទៀត រួចឱ្យវិលត្រឡប់ទៅផ្ទះវិញ។
ទាំង១២ទីតាំងនេះ បង្ក្រាបក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង។
លោកបន្តទៀតថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិ តាមទស្សនៈរបស់លោក«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» និងក្រោមគោលការណ៍«សម្អាតផ្ទះយើង»របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី៕