ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៣៤១នាក់។
របាយការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៩នាក់ និង១១០នាក់ទៀតរងរបួស ។
ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១,៣៤១នាក់ និងរបួសដល់ ៧៣,១៣៤ នាក់ ចាប់តាំងពីការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងការខ្វះខាតផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ដែលនៅពេលនោះ មនុស្សប្រហែល១,២០០ នាក់បានស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕