(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានសម្ដែងនូវក្ដីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ប្រកបដោយផ្លែផ្កា រវាងសម្តេចធិបតី និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីម្សិលមិញនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានទទួលបដិសណ្ឋារកិច្ចនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។
សម្ដេចធិបតី ក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន ។
គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។
ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេចធិបតីបានគូសបញ្ជាក់ ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។
ឯកឧត្តមប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលឯកឧត្តមមានទំនាក់ទំនងដ៏ល្អ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក ហើយឯកឧត្តមមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះនឹងក្លាយជាមុដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ៕