(កំពង់ស្ពឺ)៖ យុវជនចិត្តម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយ។
បន្ទាប់ពីខឹងសុំលុយចំនួន៥ម៉ឺនរៀល ពីម្តាយមិនបាន ស្ទុះទៅទាញកាំបិតប៉័ងតោ និងញញួរ វាយកាប់បំផ្លិចបំផ្លាញផ្ទះសម្បែង ថែមទាំងគំរាមសម្លាប់ម្តាយ ចោលទៀតផង ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ រាយ សង្ហា ភេទប្រុស អាយុ២២ឆ្នាំ(ត្រូវជាកូនបង្កើត របស់ជនរងគ្រោះ)មានទីលំនៅភូមិ.ឃុំកើតហេតុ..!។
រីឯជនរងគ្រោះឈ្មោះ សុខ ខន ភេទស្រី អាយុ៥៥ឆ្នាំនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលដដែល បានបន្តថា បានជាម្តាយដាច់ចិត្តដាក់ពាក្យបណ្តឹងនេះ ។
ដោយសារឈ្មោះ រាយ សង្ហា ជាកូន បានសុំលុយពីគាត់(ម្តាយ) ចំនួន៥០,០០០រៀល (ប្រាំម៉ឺនរៀល) ប៉ុន្តែគាត់ជាម្តាយ គ្មានលុយឱ្យនោះទេ។ ពេលនោះ កូនសង្ហា ខឹង ក៏ស្ទុះទៅយកញញួរ វាយដំបូល សំយាប និងជញ្ជាំងផ្ទះ ។
បណ្តាលឱ្យរងការខូចខាត រហែកស័ង្កសី ដំបូលផ្ទះចំនួន៤សន្លឹក បាក់ឈើផ្ទោងសំយាបមុខផ្ទះអស់ចំនួន ៤ដើម រួចកូនប្រុសរូបនោះបានយកដាវកាប់ដើមល្ហុងរងការខូចខាចចំនួន១ដើម និងគំរាមសម្លាប់ម្តាយថែមទៀតផង ។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំរលាំងគ្រើល បានហៅឈ្មោះ រាយ សង្ហា មកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារពិតប្រាកដមែន។
ករណីនេះ ឈ្មោះ សុខ ខន (ម្តាយ) បានដាក់ពាក្យបណ្តឹង សូមអោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។ បច្ចុប្បន្ន យុវជនចិត្តស្លុយខាងលើនេះ ត្រូវបានកសាងសំណុំរឿងចាត់ការបន្ត៕