(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការជួយសម្រួល ឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកស្រុកកំណើត។
ដោយចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតវិញ តាមរយៈការលើកលែងតម្លៃ សេវាលិខិតឆ្លងដែន/លិខិតធ្វើដំណើរលើពលករកម្ពុជា ដែលទៅធ្វើការនៅបរទេស និងមានទិដ្ឋាការការងារ និងដែលមាន សុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ។
បានអញ្ជើញដឹកនាំកម្លាំងចំនួន១២នាក់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ។
នាឱកាសនោះផងដែរ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៤នេះ ខុសប្លែកពីឆ្នាំមុនៗ ។
ដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតនៅដើមខែបែបនេះ ព្រោះជារៀងរាល់ឆ្នាំ លុះត្រាតែកៀកថ្ងៃសង្ក្រាន្តហើយ ទើបពួកគាត់សម្រុកមកច្រើន។
ទន្ទឹមនោះ ក្រុមការងារក៏បានផ្តល់អំណោយឧបត្ថម្ភដល់ពលករទាំងនោះ ក្នុងម្នាក់ទទួលបាន កន្សែង១ នំបុ័ង១ដើម និងទឹកសុទ្ធ១ដប៕