ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ ដែលបានវាយប្រហារ ឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ កាលពីថ្ងៃពុធបានកើនឡើងដល់ 10 នាក់ហើយ ដោយ 38 នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។
ទីភ្នាក់ងារព័ត៌មាន កណ្តាលដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិបានរាយការណ៍ថាចំនួនអ្នករងរបួសក៏បានកើនឡើងដល់ប្រហែល 1,070 ។
ក្នុងចំណោមអ្នកស្លាប់ទាំង 10 នាក់ មាន 4 នាក់ត្រូវបានស្លាប់ នៅក្នុងឧទ្យានជាតិ Taroko ដែលជាកន្លែងទេសចរណ៍ ដ៏ល្បីល្បាញសម្រាប់ជ្រលងភ្នំ និងច្រាំងថ្មចោទក្នុងតំបន់ភ្នំ Hualien ចម្ងាយប្រហែល 150 គីឡូម៉ែត្រ (90 ម៉ាយ) ពីទីក្រុងតៃប៉ិ។
មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអគារ ដែលរងការខូចខាត និងម្នាក់ទៀតត្រូវបានរកឃើញនៅកន្លែងយកថ្ម Ho Ren។
ក្រុមអ្នកជួយសង្គ្រោះ ក៏បានស្រង់សាកសពបុរសម្នាក់ ដែលមានរបួសយ៉ាងធ្ងន់ធ្ងរលើក្បាលពីការដើរឡើងភ្នំ។
ចំណុចកណ្តាល នៃការរញ្ជួយដីគឺស្រុក Hualien ដែលមានប្រជាជនប្រហែល 300.000 នាក់ក្នុងចំណោមប្រជាជន 23 លាននាក់ដែលរស់នៅក្នុងតៃវ៉ាន់។
ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត មនុស្ស 93 នាក់ត្រូវបានជាប់នៅភាគខាងកើតនៃទីក្រុង Hualien ។
គួរជម្រាបថា នេះជាការរញ្ជួយដីដែលជាកម្លាំងខ្លាំងបំផុតដែលបានវាយប្រហារប្រទេសកោះនេះក្នុងរយៈពេល 25 ឆ្នាំបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរំខានដល់ចរាចរណ៍ និងប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់។
មនុស្សប្រហែល 2,400 នាក់បានស្លាប់នៅក្នុងឆ្នាំ 1999 នៅពេលដែលការរញ្ជួយដីកម្រិត 7.7 រិចទ័របានវាយប្រហារកោះតៃវ៉ាន់នៅពាក់កណ្តាលយប់។
ប្រធានាធិបតី Tsai Ing-wen បានដាក់ពង្រាយយោធាទៅកាន់តំបន់រងគ្រោះ ។
ដោយទាហានបានបំពាក់ឧបករណ៍ស្វែងរក និងជួយសង្គ្រោះ ក្រៅពីការជីកយកកំទេចកំទីត្រូវបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
សាជីវកម្មផ្លូវដែកតៃវ៉ាន់បាននិយាយថា ខ្សែរថភ្លើងរវាងស្រុក Yilan និង Hualien ដែលត្រូវបានបិទកាលពីថ្ងៃពុធបន្ទាប់ពីការរញ្ជួយដីបានបើកឡើងវិញ។
ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. ក៏បានចាប់ផ្តើមផលិតកម្មឡើងវិញកាលពីថ្ងៃពុធបន្ទាប់ពីការផ្អាកមួយរយៈ៕