មន្ត្រីអាមេរិកម្នាក់ បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ និងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារសងសឹក របស់អ៊ីរ៉ង់លើអ៊ីស្រាអែល ឬកងទ័ពអាមេរិក នៅក្នុងតំបន់ ។
ជាការឆ្លើយតបទៅនឹងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
មន្ត្រីខាងលើដដែល បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ ទី៥ ខែមេសាថា «យើងកំពុងស្ថិតក្នុងលក្ខណៈ ប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារដែល អាចនឹងកើតឡើងនៅសប្ដាហ៍ក្រោយ»។
អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែល ថាបានវាយប្រហារ តាមផ្លូវអាកាសលើស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ។
ដោយបានសម្លាប់ទីប្រឹក្សាយោធាអ៊ីរ៉ង់៧នាក់ ក្នុងនោះរួមមានទាំងលោក Mohammad Reza Zahedi ដែលជា មេបញ្ជាការជាន់ខ្ពស់ម្នាក់ទទួលបន្ទុកដឹកនាំប្រតិបត្តិការយោធារបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី និងលីបង់។
អ៊ីស្រាអែល មិនបានទទួលស្គាល់ថាខ្លួនពិតជាបានវាយប្រហារលើស្ថានទូតអ៊ីរ៉ង់ ឬក៏យ៉ាងណានោះទេ ហើយក៏មិនបានប្រកែកនោះដែរ។ តែបានប្រកាសដាក់ឱ្យកងទ័ព ប្រុងជើងការខ្ពស់ផងដែរ ខណៈអ៊ីរ៉ង់ប្រកាសដាច់ខាតថាត្រូវតែសងសឹក៕