ស្របពេលដែលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី កាន់តែខិតជិតមកដល់ ស្រាប់តែសីតុណ្ហភាព នៅតែបន្តហក់ឡើងខ្ពស់! ។
ពេលនេះប្រទេសថៃ បានចេញសារព្រមានដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន។
ចំពោះរលកកម្តៅ ព្រោះថា អំឡុងពិធីបុណ្យសង្ក្រាន្ត មេឃក្តៅខ្លាំង អាចបណ្តាល ឲ្យមនុស្សស្លាប់បាន..!។
កាសែត Bangkok Post បានដកស្រង់សម្តីលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលលោក Opas Karnkawinpong ។
ដែលអះអាងថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួន បានកើនលើស៤០អង្សាសេរួចទៅហើយ ជាហេតុបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល កាន់តែខ្លាំងឡើងៗ ។
ខណៈរាងកាយរបស់មនុស្ស មិនអាចសម្របទៅនឹងអាកាសធាតុខ្លាំងក្លាបែបនេះបានទេ ពោលសរីរាង្គអាចឈប់ដំណើរការគ្រប់ពេលវេលា ហើយមនុស្សអាចស្លាប់បានមួយរំពេច។
ស្របពេលជាមួយគ្នានោះដែរ លោកបានដាស់តឿនឲ្យតាមដានរោគសញ្ញាមួយចំនួនដូចជា ស្បែកឡើងក្រហម ។
ឡើងកម្តៅក្នុងខ្លួន ជីពចរដើរលឿន មិនសូវហូរញើស ឈឺក្បាល ចង្អោរ ក្អួត វិលមុខ និងឈានដល់សន្លប់ ហើយអ្វីដែលត្រូវបារម្ភគឺថា អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេមានដូចជាមនុស្សចាស់ ក្មេងតូច អ្នកមានជំងឺរ៉ាំរ៉ៃ ព្រមទាំងអ្នកធ្វើការឬហាត់ប្រាណនៅខាងក្រៅ រយៈពេលយូរ។
លើសពីនេះ លោកក៏ណែនាំឲ្យអ្នកបញ្ចេញពលកម្មខ្លាំងក្លា ត្រូវផឹកទឹកពី ២ទៅ៤កែវ ក្នុងមួយម៉ោងផងដែរ ហើយគួរចៀសវាងនៅក្រោមពន្លឺថ្ងៃខ្លាំង និងត្រូវស្នាក់នៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។
សូមបញ្ជាក់ថា មិនមែនតែថៃទេ ប្រទេសកម្ពុជា ក៏បានចេញការព្រមានដែរថា អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ ៤០អង្សាសេ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីដើមខែមេសាថា ពិភពលោកកំពុងទទួលរងឥទ្ធិពលពីរលកកម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត EI Nino បណ្តាលឲ្យកម្ដៅកើនឡើង ខណៈវានឹងអូសបន្លាយរហូតដល់ខែ ឧសភា ទើបថយចុះវិញ។
បាតុភូត EI Nino ធ្វើខ្យល់និងទឹកឡើងក្តៅ បង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុធ្ងន់ធ្ងរ ដូចជាបង្កើនកម្តៅនៃភពផែនដី និងបម្រែបម្រួលអាកាសធាតុនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជាទេ។
ផលវិបាកនៃបាតុភូតនេះ នឹងបង្កឲ្យមានព្យុះភ្លៀងកំណាចៗ គ្រោះរាំងស្ងួតចម្លែក ប្តូររដូវនិងទម្លាប់អាកាសធាតុ ។
ខណៈកន្លែងខ្លះនឹងមានភ្លៀងច្រើនជ្រុល ប៉ុន្តែកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង៕