អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមេសាថា៖ មនុស្ស១៩ នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានគ្រោះរអិលបាក់ដី នៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី។
នេះបើយោងតាមសារព័ត៌មាន The Jakarta Post។
ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ លោក Suleiman Malia បាននិយាយថា អ្នកស្លាប់ និងអ្នករស់រានមានជីវិតពីរនាក់ ត្រូវបានជម្លៀសចេញពីភូមិចំនួនពីរ ដែលរងគ្រោះដោយការបាក់ដីនៅក្នុងស្រុក Tana Toraja នៃខេត្ត Sulawesi ភាគខាងត្បូង កាលពីល្ងាច ថ្ងៃទី ១៣ខែមេសា។
លោក Malia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៤ ខែមេសាថា មានអ្នកស្លាប់ ១៩នាក់ ដែលក្នុងនោះ ៤នាក់នៅភូមិ South Makale និង ១៥ នាក់ផ្សេងទៀតនៅក្នុងភូមិ Makale។
លោកបានបន្ថែមថា នៅពេលនេះ យើងនៅបន្តស្វែងរកជនរងគ្រោះផ្សេងទៀត ដោយមាន មនុស្សពីរនាក់នៅបន្តបាត់ខ្លួន ហើយទំនងជាត្រូវបានកប់នៅក្រោមគំនរនៃបំណាក់ដី។
លោក Malia បាននិយាយទៀតថា ស្រុក Tana Toraja និងតំបន់ជុំវិញរបស់វា កំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ជាពិសេសក្នុងសប្តាហ៍កន្លងមកនេះ ដែលបានធ្វើឲ្យដីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅលើជម្រាលភ្នំ ត្រូវបានកប់ក្រោមដី។
-ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានការបាក់ដីណាស់ក្នុងរដូវវស្សា ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ។
ដោយសារការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងអូសបន្លាយរយៈពេលយូរ ដែលបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ខ្លះ នៃប្រទេសប្រជុំកោះមួយនេះ។
កាលពីខែមីនា ទឹកជំនន់ និងការរអិលបាក់ដីបានកើតឡើងនៅកោះស៊ូម៉ាត្រា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
ហើយកាលពីខែធ្នូ ការបាក់ដី និងទឹកជំនន់នៅជិតបឹង Toba នៅលើកោះស៊ូម៉ាត្រាដដែល ក៏បានលេបត្របាក់ផ្ទះរាប់សិបខ្នង និងបំផ្លាញសណ្ឋាគារមួយ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ផងដែរ៕