(កណ្ដាល)៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧(សង្ក្រាន្ត) គិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
នៅខេត្តកណ្ដាល មានភ្ញៀវលេងកម្សាន្ត សរុបប្រមាណជា ១,១៨២,៦៩២នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិមានចំនួនជាង ២ពាន់នាក់។
នេះបើតាមការបញ្ជាក់ពីលោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល។
សូមជម្រាបថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ថ្នាក់ដឹកនាំខេត្តកណ្តាល រួមមានលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោកស្រី ។
បានអញ្ជើញបើកព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសដ៏អធិកអធម ក្នុងពិធីប្រកាសព្រឹត្តិការណ៍សង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននីមួយៗយ៉ាងសម្បូរបែបផងដែរ។
ថ្លែងក្នុងពិធីនេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងពីប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញ នូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
លោកអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនយើងមាន ឱកាសដើរកម្សាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្តិភាព។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ ប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមកម្សាន្ត សប្បាយ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ រដ្ឋបាលខេត្តបានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព តាមផែននីមួយៗ ចំនួន១១ផែន រួមមាន៖
-ផែនទី១ អបអរសាទរសង្ក្រាន្តខេត្តកណ្តាល
– ផែនទី២ ផ្ទាំងទស្សនីយភាពរបាំចម្រុះ
– ផែនទី៣ យីកេរឿងធម្មបាលកុមារ។
– ផែនទី៤ ផ្ទាំងទស្សនីយភាពល្បែងទាញព្រត័
– ផែនទី៥ ភូមិឃុំ អភិវឌ្ឍន៍
– ផែនទី៦ ការសំដែងទូកលឿនលយ
-ផែនទី៧ ផ្ទាំងទស្សនីយភាព ល្ខោនខោល
-ផែនទី៨ ផ្ទាំងទស្សនីយភាព ការរាំចង្វាក់ប្រជាប្រីយ៍
– ផែនទី៩ ផ្ទាំងទស្សនីយភាព ទីងមោងឆ្នាំថ្មី។
– ផែនទី១០ ការសម្តែងសៀកសហសម័យ និងល្បុក្កតោ
-ផែនទី១១ ផ្ទាំងទស្សនីយភាព ល្ខោនបាសាក់៕