(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន អញ្ជើញជួបពិភាក្សាទ្វេភាគី ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការអរគុណចំពោះឯកឧត្តម វ៉ាង យី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
ដែលជាកិត្តិយសបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ក្នុងពេលឯកឧត្តម វ៉ាង យី ឆ្លៀតពេលដ៏មមាញឹកបំពេញបេសកកម្មរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះឯកឧត្តម វ៉ាង យី ដែលតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំការបំពេញទស្សនកិច្ចមកកាន់កម្ពុជា ។
ដែលគិតមកទល់ពេលនេះ ឯកឧត្តម វ៉ាង យី បានបំពេញទស្សនកិច្ចផ្លូវការចំនួន៨លើកហើយ ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យជាមិត្តភាពដែកថែបដ៏យូរអង្វែង។
ឯកឧត្តម វ៉ាង យី បានលើកឡើងថា ទោះបីអាកាសធាតុប្រែប្រួលកម្តៅឡើងខ្លាំងក្តី ប៉ុន្តែបញ្ហានេះមិនមែនជាឧបសគ្គសម្រាប់ទំនាក់ទំនងកម្ពុជា-ចិននោះទេ ។
ដោយប្រមុខការទូតចិន បានប្រដូចន័យទៅលើទំនាក់ទំនងប្រទេសទាំងពីរថា មានកម្តៅខ្លាំងជាងអាកាសធាតុទៅទៀត។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី នាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រម ទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក៕