ឥណ្ឌូនេស៊ី ផ្អាកតំណែង លោកប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុករលួយ ករណីជំរិត​ទារប្រាក់! 

ជំនួយការប្រធានាធិបតី ឥណ្ឌូនេស៉ី បាននិយាយនៅថ្ងៃសៅរ៍នេះថា លោក Joko Widodo បានព្យួរតំណែងប្រធានភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស។
បន្ទាប់ពីមានការចោទប្រកាន់ពីបទជំរិតទារប្រាក់នៅក្នុងករណីស៉ើបអង្កេតដែលបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីម្នាក់។

ចំណាត់ការនេះកើតឡើង បន្ទាប់ពីប៉ូលិសនៅក្នុងសប្តាហ៍នេះបានកត់ឈ្មោះ លោក Firli Bahuri ។
ដែលជាប្រធានភ្នាក់ងារប្រឆាំងអំពើពុករលួយ (KPK) ថាជាជនសង្ស័យដែលត្រូវចោទប្រកាន់ពីបទជំរិតទារប្រាក់ ពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មគឺលោក Syahrul Yasin Limpo ដែលត្រូវបានឃុំខ្លួនក្នុងសំណុំរឿងពុករលួយ កាលពីខែតុលា។

លោក Ari Dwipayana ដែលជាអ្នកសម្របសម្រួលនៃក្រុមបុគ្គលិកពិសេសរបស់ប្រធានាធិបតី បាននិយាយថា«លោកប្រធានាធិបតី Widodo បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការព្យួរតំណែងប្រធាន KPK លោក Firli Bahuri»។
លោក Ari Dwipayana បានបន្ថែមថា លិខិតរបស់លោក Widodo ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រសប្តាហ៍នេះហើយចូលជាធរមានភ្លាមៗនោះ បានដកហូតភារកិច្ច និងសិទ្ធអំណាចរបស់លោក Firli រហូតដល់ត្រូវបណ្តេញចេញទាំងស្រុងនៅពេលលោកក្លាយជាចុងចោទ។

គួរបញ្ជាក់ថា អាជ្ញាធរបានរឹបអូសឯកសារធ្វើប្រតិបត្តិការរូបិយប័ណ្ណបរទេសពីប្រទេសសិង្ហបុរី និងប្រាក់ដុល្លារអាមេរិកចំនួន ៤៨០,០០០ដុល្លារអាមេរិកនៅក្នុងការវាយឆ្មក់ចំនួនពីរពាក់ព័ន្ធនឹង លោក Firli។
យ៉ាង នេះក្តី លោក Firli និងភ្នាក់ងារប្រឆាំងអំពើពុករលួយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version