(សៀមរាប)៖ ជនត្រូវចោទម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។
ដោយជាប់ពាក់ព័ន្ធ ជាមួយជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អតីត ប្រធានក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១.០៥.២០២៤។
-ជនត្រូវចោទដែលទើបឃាត់ខ្លួនបានឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា«នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប ។
បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ“ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
ការនាំខ្លួនជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា រួចមក និងឃើញថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរនឹងធ្វើការសួរយកចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ទៅតាមនីតិវិធីច្បាប់ នាថ្ងៃស្អែក»។
សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនត្រូវចោទ ឡេង ចាន់ណា ភេទស្រីអគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក.រួមនិងបក្ខពួក២នាក់ទៀត។
រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីព្រឹកទី១៣.០៣.២០២៤។
-ជនត្រូវចោទ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់។
ទន្ទឹមនិងនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាបន្តបន្ទាប់ផងដែរ។
លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»កាលពីថ្ងៃទី១៤.០៣.២០២៤៕