(ភ្នំពេញ)៖ ដឹងមូលហេតុហើយករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ បណ្ដាលឱ្យស្លាប់ទាហានចំនួន២០នាក់ និងរបួសមួយចំនួន។
មូលហេតុមកពី«បញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ»។
-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី០១.០៥.២០២៤។
-សួងការពារជាតិបានលើកឡើងយ៉ាងដូច្នេះថា«កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទៅ២៧ ខែមេសា ឆ្នាំ២០២៤ នៅ ទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងការពារជាតិសូមជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបានជ្រាបថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួង ការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើស ឡើយ។
ក្រសួងការពារជាតិ សូមស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬ មានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវចំពោះមុខច្បាប់»៕