អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)បានកើនឡើងដល់ 35នាក់។
លោក Eric Bwanapuwa មន្ត្រីមកពីតំបន់ Goma បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្លាប់ក្នុងការវាយប្រហារនៅជំរុំជនភៀសខ្លួនកាលពីថ្ងៃទី៨ ឧសភា បានកើនឡើង។
ខណៈដែលគ្មានក្រុមណាអះអាងទទួលខុសត្រូវនោះ ត្រូវបានគេសង្ស័យថាត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាម ដោយមានស្ត្រី និងកុមារក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត។
សមាជិកនៃចលនាថ្ងៃទី 23 ខែមីនា (M23) ដែលបានបង្កើនការវាយប្រហារក្នុងប៉ុន្មានខែថ្មីៗនេះ បន្តគ្រប់គ្រងភូមិ និងទីប្រជុំជនក្នុងតំបន់។
ការវាយប្រហារជាថ្មីដោយក្រុមឧទ្ទាម M23 ក្នុងខែវិច្ឆិកា ឆ្នាំ 2021 នៅភាគខាងកើតកុងហ្គោបាននាំឱ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលរាប់ពាន់នាក់ និងបង្កឱ្យមានវិបត្តិរវាងប្រទេស Rwanda និង DRC ។
DRC បានចោទប្រកាន់ប្រទេស Rwanda ពីការប៉ុនប៉ងកាន់កាប់ដីដែលសំបូរទៅដោយសារធាតុរ៉ែរបស់ខ្លួន រួមទាំងមាស coltan និង cobalt ដើម្បីផលប្រយោជន៍របស់ខ្លួន និងគាំទ្រក្រុមឧទ្ទាម M23 ៕