Update៖ តុលាការឃុំខ្លួនជនដៃដល់ ដែលកាប់សម្លាប់ស្ត្រីម្នាក់ ពេលទៅទារលុយនៅស្រុកស្អាង!

(កណ្ដាល)៖ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
បានសម្រេចឃុំខ្លួន ជនដៃដល់ម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ(ឃាតកម្ម) ដែលបានប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
-ជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីកន្លែងកំណើតភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្នភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឪពុកឈ្មោះ ឡុង លឹម (រស់) ម្តាយឈ្មោះ ជិន ម៉ៅ (រស់) ប្រពន្ធឈ្មោះ ហេង ស៊ីណាត មានកូនចំនួន ២នាក់ កម្រិតវប្បធម៌ថ្នាក់ទី ៦ថ្មី ទោសពីមុនគ្មាន។
-ជនរងគ្រោះឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅកន្លែង)។

បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះ គឺជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ០៣កាំបិត បណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ។
-មូលហេតុ មកពីជនដៃដល់ ខឹងនឹងជនរងគ្រោះ ដែលអង្គុយទារលុយពីខ្លួនចំនួន៣៥ម៉ឺនរៀល!។
ពោលគឺ ប្រាក់ដែលជនដៃដល់ជំពាក់ជនរងគ្រោះនេះ ជាប្រាក់ពលកម្ម ដែលប្ដីជនរងគ្រោះ ធ្វើការឱ្យជនដៃដល់ ក្នុងនាមជាកូនជាង
តែមេជាង ពុំព្រមបើកលុយឱ្យ និងលើកពេលរហូត ទើបមានការតាមទារដល់ផ្ទះ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ជនដៃដល់ បានរត់ទៅសំងំលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
ហើយក៏ត្រូវសមត្ថកិច្ចខេត្តកណ្ដាលសហការខេត្តពោធិ៍សាត់ ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *