រដ្ឋាភិបាលអ៊ីស្រាអែល បានណែនាំក្រុមចរចារបស់ខ្លួនឱ្យ បន្តការចរចាឡើងវិញសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ។
-នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈរដ្ឋមន្ត្រីសង្គ្រាមបានបញ្ជាឱ្យក្រុមចរចា “បន្តការចរចារសម្រាប់ការវិលត្រឡប់របស់ចំណាប់ខ្មាំង” ។
ឧត្តមសេនីយ៍ទោ Nitzan Alon ដែលជាអ្នកចរចាម្នាក់ក្នុងចំណោមអ្នកចរចា បានបង្ហាញផែនការធ្វើបច្ចុប្បន្នភាពមួយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាម បន្ទាប់ពីលោក Netanyahu បានច្រានចោលសំណើពីមុនកាលពីថ្ងៃសៅរ៍ ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានរាយការណ៍។
ប្រភពមួយបានប្រាប់ KAN ថាក្រុមចរចាមិនទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនបានស្នើសុំ ប៉ុន្តែយ៉ាងហោចណាស់ការរីកចំរើនអាចត្រូវបានធ្វើឡើង ។
ទូរទស្សន៍ KAN បាននិយាយថា សំណើថ្មីរួមមានការសម្របសម្រួលលើចំណុចនៃជម្លោះជាមួយក្រុមហាម៉ាស ។
ប៉ុន្តែបានភ្ជាប់មកជាមួយការពង្រឹងជំហររបស់អ៊ីស្រាអែល លើបញ្ហាផ្សេងទៀតដែលភាគីទាំងពីរមិនយល់ព្រម។
ទូរទស្សន៍ដដែលបាននិយាយថា ការពិភាក្សាបានវិលជុំវិញទម្រង់នៃការដោះលែងចំណាប់ខ្មាំងជាដំណាក់កាលជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្ន និងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនយ៉ាងហោចណាស់ជាច្រើនរយនាក់ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
ក្រុមហាម៉ាស់បានទទួលយកសំណើឈប់បាញ់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី៦ ខែឧសភា ដែលគូរដោយអេហ្ស៊ីប និងកាតា។
យ៉ាងណាមិញ អ៊ីស្រាអែលបាននិយាយថា ការផ្តល់បទឈប់បាញ់មិនបានបំពេញតាមការទាមទារសំខាន់របស់ខ្លួនទេ ហើយបានសម្រេចចិត្តបើកការវាយប្រហារលើដីលើក្រុង Rafah នៅភាគខាងត្បូង Gaza Strip។
ក្រុម Hamas ដែលត្រូវបានគេជឿថាកំពុងចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលជិត១៣០ នាក់ ទាមទារឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជាថ្នូរនឹងការដោះដូរចំណាប់ខ្មាំងណាមួយ។
អ៊ីស្រាអែល បានបន្តការវាយលុកយ៉ាងព្រៃផ្សៃលើតំបន់ហ្កាហ្សា បើទោះជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្តី។
ប្រជាជនប៉ាឡេស្ទីនជាង 35,700 នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជិត 80,000 នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីខែតុលា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់។
ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្កាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕