ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធទី៥ បានគំរាមថាការផ្គត់ផ្គង់មីស៊ីល ចម្ងាយឆ្ងាយ តាមបណ្ដាប្រទេសលោកខាងលិច និងការ អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធទាំងនោះ វាយចូលទឹកដីរុស្ស៊ី ។
គឺជាជំហានមួយដ៏គ្រោះថ្នាក់ ដែលអាចជំរុញឱ្យទីក្រុងមូស្គូចាត់វិធានការដូចគ្នា ដើម្បីប្រឆាំងនឹង គោលដៅក្នុងបណ្ដាប្រទេសលោកខាងលិច។
ការអត្ថាធិប្បាយបែបនេះ ដែលលោក ពូទីន ធ្វើឡើងយ៉ាងកម្រនៅឯសន្និសីទសារព័ត៌មាន ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស កើតមានឡើង ក្រោយបណ្ដាប្រទេសលោកខាងលិចជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកបានផ្ដល់ភ្លើងបៃតងឱ្យអ៊ុយក្រែន ប្រើអាវុធលោកខាងលិចវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៊ី។
លោក ពូទីន បានបញ្ជាក់ថា ប្រសិននរណាម្នាក់គិតថាវាអាចទៅរួចដើម្បីផ្គត់ផ្គង់អាវុធទាំងនោះ ទៅកាន់តំបន់សង្រ្គាមមួយដើម្បីវាយប្រហារលើទឹកដីរបស់ពួកយើង និងបង្កបញ្ហាដល់ពួកយើង។
ដូច្នេះហេតុអ្វីបានជា យើងមិនមានសិទ្ធិផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់ដទៃនៃពិភពលោក ជាទីដែលអាចវាយប្រហារលើគោលដៅសំខាន់ៗ ក្នុងបណ្ដាប្រទេសទាំងនោះ (លោកខាងលិច)ដូចគ្នា ដែរទៅ?។
នៅឯសន្និសីទសារព័ត៌មាននោះ លោក ពូទីន ក៏បានលើកឈ្មោះអាល្លឺម៉ង់ចំៗផងដែរ ។
ដោយនិយាយថានៅពេលដែលអាល្លឺម៉ង់ផ្គត់ផ្គង់រថក្រោះដំបូងទៅឱ្យអ៊ុយក្រែន វាបានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ដោយសារតែកេរតំណែងនៃសង្រ្គាមលោកលើកទី២។
ដោយចង់សំដៅលើអាជ្ញាធរអាល្លឺម៉ង់ លោក ពូទីន បានបន្ថែមទៀតថា នៅពេល ពួកគេនិយាយថានឹងមានមីស៊ីលបន្ថែមទៀតដែលនឹងត្រូវបានប្រើវាយប្រហារលើទឹកដីរុស្ស៊ី នោះវាគឺជាការបំផ្លាញទំនាក់ទំនងរុស្ស៊ី និងអាល្លឺម៉ង់ទាំងស្រុង៕