ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមិនខ្វល់នោះទេថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ។
ប៉ុន្តែលោកបានព្រលយថា ប្រព័ន្ធតុលាការអាមេរិក កំពុងត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិនយោបាយមួយប្រឆាំងនឹងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី។
សង្រ្គាមរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន កាលពីឆ្នាំ២០២២។
ដែលលោកផ្ទាល់អះអាងថា ជាសកម្មភាពការពារខ្លួនប្រឆាំងនឹងការពង្រីកខ្លួនរបស់ NATO ដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ។
ធ្លាក់ចុះដល់កម្រិតទាបបំផុតមួយមិនធ្លាប់មាន ចាប់តាំងពីសម័យវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ១៩៦២មក។
ថ្លែងទៅកាន់សន្និសីទ សារព័ត៌មាន ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីថ្ងៃពុធ ទី៥ ខែមិថុនា ក្នុងវេទិកាសេដ្ឋកិច្ចមួយក្នុងទីក្រុង St Petersburg លោក ពូទីន បានចោទប្រកាន់រដ្ឋបាលលោក ចូ បៃដិន ដែលជាអ្នកផ្គត់ផ្គត់អាវុធដ៏ធំបំផុតឱ្យអ៊ុយក្រែនថា បានប្រព្រឹត្តកំហុសម្ដងហើយម្ដងទៀត។
នៅពេលត្រូវសាកសួរដោយអ្នកសារព័ត៌មាន Reuters ថាតើលោកផ្ទាល់ជឿថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ អាចនឹងធ្វើឱ្យមានភាពខុសប្លែកសម្រាប់ទីក្រុងមូស្គូ ដែរ ឬក៏យ៉ាងណា? ។
លោក ពូទីន បានឆ្លើយថា ជាគោលការណ៍ យើងមិនខ្វល់នោះទេថាតើនរណាជាអ្នកឈ្នះ… តែយើងនឹងធ្វើការជាមួយគ្រប់ប្រធានាធិបតីទាំងអស់ដែលប្រជាជនអាមេរិក បានជ្រើសរើស។
ដោយហៅលោក ចូ បៃដិន ជាអ្នកនយោបាយចាស់ទុំម្នាក់អាចព្យាករបាន លោក ពូទីន បានបញ្ជាក់ថាទីក្រុងមូស្គូ នឹងមិនលូកលាន់ចូលកិច្ចការនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិកឡើយ ។
ប៉ុន្តែ ប្រមុខវិមានក្រឹឡាំង រូបនេះបានឆ្លៀតនិយាយថាប្រព័ន្ធតុលាការអាមេរិកកំពុងត្រូវបានប្រើប្រាស់ដោយគូសត្រូវនយោបាយរបស់លោក ដូណាល់ ត្រាំ ។
ដើម្បីព្យាយាមបំផ្លាញឱកាសជាប់ឆ្នោតរបស់លោក ត្រាំ ជាយុទ្ធសាស្ត្រមួយដែលលោក ពូទីន យល់ថានឹងមិនទទួល បានជោគជ័យនោះទេ។
គណៈវិនិច្ឆយនៃតុលាការក្រុងញូយ៉ក កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានពិរុទ្ធនៅក្នុងសំណុំរឿងក្លែងបន្លំឯកសារ របស់ក្រុមហ៊ុន ។
ដើម្បីលាក់បាំងការសូកលុយបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
ខាងក្រុមមេធាវីរបស់លោក ត្រាំ បានបញ្ជាក់ថានឹងប្ដឹងជំទាស់សេចក្ដីសម្រេចនេះ ។
ខណៈលោកចៅក្រម Juan Merchan បានកំណត់យកថ្ងៃទី១១ ខែកក្កដា ។
ដើម្បីប្រកាស សាលក្រមផ្តន្ទាទោសលោក ត្រាំ ពោល តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនគណបក្សសាធារណរដ្ឋប្រកាសតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីតំណាងបក្សរបស់ខ្លួនជាផ្លូវការ មុនការបោះឆ្នោត ថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕