Update៖ ឯកឧត្តម កើត រិទ្ធ នឹងធ្វើសន្និសីទសារព័ត៌មាន ករណីឃាតកម្ម ដែលមានជនត្រូវចោទ ស្រី ស៊ីណា!

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤.០៦.២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥: ០០ នាទី រសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងយុត្តិធម៌ សូមអញ្ជើញបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមយក ព័ត៌មានតាមការគួរ។

ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួម យកព័ត៌មាន សូមទំនាក់ទំនងជាមួយ លោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។

-ទាក់ទិនករណីខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៣.០៦.២០២៤ ក៏បានគូសបញ្ជាក់ចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១-ក្រសួងយុត្តិធម៌ បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ ត្រឹមត្រូវ និងដោយ ម៉ឺងម៉ាត់ នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។

ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ២ ឆ្នាំ។

ជាមួយគ្នានេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។

ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន ម៉ឺងម៉ាត់ ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានាដល់គោលការណ៍ សមទណ្ឌោ ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

ទី៤-ការចោទប្រកាន់ខាងលើនេះ គឺ ធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។

សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន ត្រឹមត្រូវ និង ម៉ឺងម៉ាត់ ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងបានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ ត្រឹមត្រូវ និង ម៉ឺងម៉ាត់ ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ ជូនជនរងគ្រោះនៅក្នុងសំណុំរឿងទាំងពីរខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *