សមត្ថកិច្ច ជួយសង្គ្រោះមនុស្ស ៤នាក់ ដែលបានលិចទូក នៅចំណុចជិតកោះថ្មី!

(ព្រះសីហនុ)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់អតីតរដ្នមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះមុននេះបន្តិចថា៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០ នាទី ទៀបភ្លឺមានករណីទូកនេសាទ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៌ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ ។

បច្ចុប្បន្ន មនុស្សចំនួន ៤នាក់នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុង ដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ។
ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ ។
ដោយឡែកទូកនិងសម្ភារៈ នៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *