(ពោធិ៍សាត់)៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យការងារអនុគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកស្ទឹងស្វាយអាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា អនុគម្រោងស្ទឹងស្វាយអាត់នេះនឹងជួយដោះទឹក និងបង្វែរទឹកចេញពីភូមិសាស្ត្រខេត្តពោធិ៍សាត់ ហូរធ្លាក់ចូលបឹងទន្លេសាបឱ្យបានឆាប់ តាមរយៈការធ្វើទំនើបកម្មវិស្វកម្មបង្វែរទឹកចេញពីស្ទឹងពោធិ៍សាត់ក្នុងរង្វង់ចាប់ពី ៣៥០ម៉ែត្រគូបក្នុង១វិនាទីឡើងទៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ក្រសួងនឹងធ្វើការស្តារពង្រីកស្ទឹងតំបន់ដែលគោករាក់និងរួមតូចចម្ងាយប្រមាណ ៥គីឡូម៉ែត្រ រហូតដល់ស្ទឹងយុទ្ធសាស្រ្តឧកញ៉ាឃ្លាំងមឿង ព្រមទាំងធ្វើទំនើបកម្មបង្វែរទឹកធ្លាក់ចូលបឹងទន្លេសាប ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកដល់ខេត្តពោធិ៍សាត់ ធ្វើឱ្យតំបន់នេះគ្របដណ្ដប់ដោយបរិស្ថានបៃតងស្រស់បំព្រង បងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តពោធិ៍សាត់ទាំងមូលកាន់តែមានការអភិវឌ្ឍឈានឡើង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងបានជំរុញលើការអនុវត្តគម្រោងខាងលើនេះឱ្យបានប្រព្រឹត្តទៅឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ៕