(កោះកុង)៖ បុរសវ័យ៣៩ឆ្នាំម្នាក់ បានដេកស្លាប់ នៅក្រោម.កប៉ាល់ ដោយសារគាំង បេះដូង។ ហេតុការណ៍នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្រោយពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញពិនិត្យឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារជំងឺគាំងបេះដូងប្រាកដមែន(បុរសខាងលើហូបស្រាជាប្រចាំមិនហូបបាយ)។
ជនរងគ្រោះឈ្មោះ ឆ្លក កែវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តនាងកុក។
សូមបញ្ជាក់ថា៖ ករណីនេះ ក៏មានការជួយឧបត្ថម្ភថវិកា ពីមន្ទីរសង្គមកិច្ច ចំនួន២០ម៉ឺនរៀល និងលោកស្រីចៅសង្កាត់ស្មាច់មានជ័យចំនួន១០ម៉ឺនរៀលផងដែរ ។
ដើម្បីជាការជួយសម្រួលដល់ក្រុមគ្រួសារសព ក្នុងការចាត់ចែងផ្សេងៗ ដែលពួកគាត់កំពុងមានការខ្វះខាត៕