(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា នៅថ្ងៃទី៥ ខែសីហា ខាងមុខ នៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សម្តេចអំពាវនាវឱ្យគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា នឹងត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបានដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រាប់ការអនុវត្តគម្រោងនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គម្រោងនេះនឹងបង្កើតឱកាសសម្រាប់រាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។
សម្តេចតេជោ បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុង ខួបលើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤៕