(ព្រៃវែង)៖ នៅព្រឹកទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងផលប៉ះពាល់ ដោយសារ ដង្កូវហ្វូង ស្ថិតនៅភូមិព្រៃដើមថ្នឹងទីពីរ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ទីតាំងដែល ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យនៅពេលនេះ បងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន ៣ដង ក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលជាមធ្យមចន្លោះពី ៥ទៅ៧តោន ក្នុង១ហិកតា។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញ បានបន្តទៅត្រួតពិនិត្យ ទីតាំងដែលបានទទួលរងផលប៉ះពាល់ដោយសារដង្កូវហ្វូងប្រមាណ៧ ទៅ៨ហិកតា ស្ថិតនៅភូមិក្រឡាមាឃ ឃុំត្នោត ស្រុកកញ្ជ្រៀច ។
ហើយចំពោះមុខមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ ដោយបាញ់ថ្នាំសម្លាប់ និងបន្តតាមដានត្រួតពិនិត្យជាប្រចាំផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ។
ចំពោះបញ្ហាដង្កូវហ្វូងនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន៕